អបអរសាទរ! ទីបំផុតកីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ សាងសង់រួចរាល់ជាស្ថាពរ

កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន បានសាងសង់រួចរាល់ ១០០% ហើយ ខណៈពិធីប្រគល់ និងទទួលសមិទ្ធផលប្រវត្តិសាស្ដ្រនេះ គ្រោងធ្វើឡើងនៅខែតុលា ឆ្នាំ២០២១។នេះបើតាម លោក  វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) កាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានឲ្យដឹងថា  បន្ទាប់ពីចុះពិនិត្យមើលស្ថានភាពហេដ្ឋារចនាសម្ព័ន្ធលម្អិត ទាំងក្នុង និងក្រៅជុំវិញពហុកីឡដ្ឋានដ៏ធំស្កឹមស្កៃនេះ ឃើញថា ពហុកីឡដ្ឋានជាតិមរតកតេជោ មានលក្ខណៈបច្ចេកទេសស្របតាមស្ដង់ដារអន្ដរជាតិ ពោលគឺត្រូវនឹងស្ដង់ដារពហុកីឡដ្ឋានអន្ដរជាតិ ដែលអាចទទួលរៀបចំកម្មវិធី និងការប្រកួតបានគ្រប់កម្រិត ទាំងថ្នាក់ជាតិ និងអន្ដរជាតិ ពីលំដាប់ទាបដល់លំដាប់ខ្ពស់បំផុត។

លោកបន្តថា ជាទូទៅពិនិត្យឃើញថា ពហុកីឡដ្ឋានជាតិមរតកតេជោពេលនេះ គឺចប់សព្វគ្រប់ ១០០% ហើយយើងត្រៀមរៀបចំបណ្ដុះបណ្ដាលកម្មករខ្មែរ ជំនាញការខ្មែរ និងវិស្វករខ្មែរ កំពុងរៀបចំបណ្ដើរៗ រហូតដល់ថ្ងៃប្រគល់ និងទទួល ដែលតាមគម្រោង អាចក្នុងខែតុលា។

លោកថា «ប៉ុន្ដែជាទូទៅគណៈកម្មការពិនិត្យបច្ចេកទេសទាំងភាគីចិន ក៏ដូចគណៈកម្មការត្រួតពិនិត្យ គឺបានឯកភាពគ្នាអស់ហើយ គឺថា សំណង់ទាំងមូល និងបច្ចេកទេស មានលក្ខណៈគ្រប់គ្រាន់អស់ហើយ នេះគឺជាសមិទ្ធផលថ្មីមួយ ហើយយើងសង្ឃឹមថា យើងនឹងទទួលនូវមោទនភាពជាតិទាំងអស់គ្នា ចំពោះការទទួលបាននូវសមិទ្ធផលថ្មីដ៏មហាសាល ក្នុងសម័យតេជោពេលនេះ»។

ជាមួយគ្នានេះ ការសាងសង់រួចរាល់នូវសំណង់ប្រវត្តិសាស្ដ្រនេះ គណៈកម្មាធិការជាតិ CAMSOC ក៏កំពុងរៀបចំកម្មវិធី និងស្នើសុំប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំពិធីប្រគល់ និងទទួលពហុកីឡដ្ឋានជាតិមរតកតេជោ ជាមួយភាគីចិន ដើម្បីអបអរសាទរមរតកដ៏អស្ចារ្យនេះ។

បន្ទាប់មកស្ដាតថ្មីនេះ នឹងអាចទទួលរៀបចំការប្រកួតអន្ដរជាតិបាន ដូចជាការដាក់បេក្ខភាពដេញថ្លៃធ្វើម្ចាស់ផ្ទះ AFF Suzuki Cup 2021 នាខែធ្នូ និងការប្រកួតជាច្រើនទៀត ពិសេសដើម្បីជំរុញការផ្សព្វផ្សាយ និងការត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងចំណាយថវិកាសាងសង់ចន្លោះពី ១០០លាន ទៅ ២០០លានដុល្លារអាមេរិក ដែលថវិកាមួយភាគធំ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន៕