ក្រសួង កំពុងពន្លឿនពិនិត្យ និងវាយតម្លៃពីកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ព្រំដែនកម្ពុជា-វៀតណាម

ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំអន្តរស្ថាប័នជាមួយក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុដើម្បីពិភាក្សា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ប្រវែង ៥២,៥៧គីឡូម៉ែត្រ ពីចំណុចភ្ជាប់ផ្លូវជាតិលេខ៣ ដល់ព្រំដែនកម្ពុជា វៀតណាម។នេះបើតាមកិច្ចប្រជុំកាលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។

លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំអន្តរស្ថាប័នជាមួយក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុដើម្បីពិភាក្សា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ប្រវែង ៥២,៥៧គីឡូម៉ែត្រ ពីចំណុចភ្ជាប់ផ្លូវជាតិលេខ៣ ដល់ ព្រំដែនកម្ពុជា វៀតណាម ជាគម្រោងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកម្ចីហិរញ្ញប្បទាននៃប្រទេសចិន  ដោយមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងវាយតម្លៃបន្ថែមលើគម្រោងទាក់ទងនឹងផលប៉ះពាល់ និងដំណោះស្រាយ និងដំណាក់កាលសាងសង់មុនពេលបិទបញ្ចប់ការសិក្សាលម្អិត  ដើម្បីធ្វើការដោះស្រាយចំគោលដៅទាន់ពេលវេលា និងធ្វើឱ្យផ្លូវថ្នល់ទទួលបានគុណភាពត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស។

សូមបញ្ជាក់ផងដែរថា៖ ផ្លូវជាតិលេខ៣៣ មានប្រវែងសរុប ៥២,៥៧គីឡូម៉ែត្រ  ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៣ (ត្រង់គីឡូម៉ែត្រលេខ ១៤៨+១០០) ដល់ ព្រំដែនកម្ពុជា-វៀតណាម  ស្ថិតក្នុងភូមិសាស្ត្រក្រុងកំពត ស្រុកទឹកឈូ ស្រុកកំពង់ត្រាច ខេត្តកំពត និងក្រុងកែប ស្រុកដំណាក់ចង្អើរ ខេត្តកែប ហើយទទួលបានការសិក្សាដោយក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន(CRBC) ជ្រើសយកកម្រិតស្តង់ដារបច្ចេកទេសចិនកម្រិតII (Grade II)។  ការសាងសង់គម្រោងត្រូវការរយៈពេលសរុប ២៤ ខែ ជាគម្រោងក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកម្ចីហិរញ្ញប្បទាននៃប្រទេសចិន៕