អត្រាឆ្លងជម្ងឺកូវីដ-១៩ នៅភ្នំពេញ បានថយចុះខ្លាំង នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ

រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា អត្រាឆ្លងជម្ងឺកូវីដ-១៩ បានថយចុះខ្លាំង និងការចាក់វ៉ាក់សាំងជូនប្រជាលរដ្ឋនៅក្នុងខណ្ឌទាំង១៤បានយ៉ាងជោគជាំ ដែលបានធ្វើអោយការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ មានការថយចុះយ៉ាងខ្លាំង។នេះតាមកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង១៤ កាលពីថ្ងៃ១ ខែកញ្ញា ឆ្នាំ២០២១។

នាឪកាសនោះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការថយចុះនេះជាសញ្ញាដ៏ល្អមួយ ដើម្បីបើករាជធានីភ្នំពេញឱ្យមកជាធម្មតាវិញ ទាំងវិស័យទេសចរណ៍ និងការបើកសាលារៀនឡើងវិញ ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកថា ការថមថយនៃឆ្លងជំងឺកូវីដ-១៩នេះ ពិតជាបានមកពីការស្រោចវ៉ាក់សាំងជូនប្រជាលរដ្ឋ របស់សម្តេចតេជោ ហ៊ុន សែន និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនិងអនុគណៈកម្មការទាំង៣។

លោក ឃួង ស្រេង បន្តថាយើងបានអនុវត្តការងារលើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះបានល្អប្រសើរហើយ ដោយពីមុនមានអ្នកជំងឺកូវីដ-១៩កើតមានរហូត តែរយៈពេល២ទៅ៣សប្តាហ៍ចុងក្រោយនេះមានការថយចុះយ៉ាងខ្លាំង ចំណែកអ្នកស្លាប់ដោយជំងឺកូវីដ-១៩ បានថយចុះពី៣០នាក់ មកនៅត្រឹម៦នាក់ឬ២នាក់ប៉ុណ្ណោះក្នុង១ថ្ងៃ។ ដែលនេះជាមោទនភាពរបស់យើងទាំងអស់គ្នា ដែលយើងត្រូវតែខិតខំប្រឹងប្រែងបន្តទៀត។

គួរបញ្ជាក់ថា បើតាមរបាយការណ៍ពីអាជ្ញាធរភ្នំពេញ បានបង្ហាញថា រាជធានីភ្នំពេញបានឈានទៅរកភាពល្អប្រសើរហើយ បើយើងមើលទៅលើលទ្ធផលនៃការឆ្លងជំងឺ កូវីដ-១៩ ក្នុងរយៈពេល២ទៅ៣សប្តាហ៍ចុងក្រោយនេះ ពោលគឺក្នុងចំនួនមនុស្ស ១.៨៩៨នាក់ ដែលត្រូវយកសំណាក់ រកឃើញមានវិជ្ជមានកូវិដ-១៩ ចំនួនតែ២៨នាក់ប៉ុណ្ណោះ ស្មើនឹង ៣,៥៦% ក្នុងនោះមានប្រភេទដែលតា ចំនួន១១នាក់ស្មើនឹង ១,៤៨%។លទ្ធផលនេះ គឺពិតជាបានមកពីការស្រោចវ៉ាក់សាំងជូនប្រជាលរដ្ឋ និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនឹងអនុគណៈកម្មការទាំង៣៕