ជប៉ុនថា៖តំបន់មួយចំនួននៅភ្នំពេញលែងលិចទឹក ក្រោយដំណើរការអាង និងស្ថានីយ៍បូមទឹកក្រោមដី

ក្នុងរយៈពេល ១៨ថ្ងៃ ដែលមានភ្លៀងធ្លាក់ ឃើញថាក្រោយពីដាក់អោយដំណើរការលូខ្នាតធំ អាងក្រោមដី ម៉ាស៊ីនកាយសំរាមស្វ័យប្រវត្តិ និងស្ថានីយ៍បូមទឹកថ្មីវត្តភ្នំ តំបន់ដែលធ្លាប់លិចទឹកធ្ងន់ធ្ងរនៅជុំវិញវត្តភ្នំ ផ្លូវលេខ ៤៧ ផ្លូវលេខ ៩០ ផ្លូវលេខ ៩២ និងផ្សារកណ្តាល ក្នុងខណ្ឌដូនពេញ មិនរងការលិចទឹកទៀតទេ។នេះបើតាមការឲ្យដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជួនរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១។

ទន្ទឹងនឹងនេះមន្ទីរសាធារណការ និងដឹកជញ្ជួនរាជធានីភ្នំពេញបានបន្តថា ការដ្ឋានក៏បានដាក់អោយដំណើរការលូខ្នាតធំបណ្តោះអាសន្ននៅភូមិសាស្ត្រសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោកក្នុងរយៈពេល៣ថ្ងៃមកនេះ ឃើញថា ស្តុបផ្សារមាន់អាំង ផ្លូវលេខ៥៩២ មុខវិទ្យាល័យឥន្ទ្រទេវី មានភាពល្អប្រសើរមិនរងការលិចទឹកទៀតដែរ។

យ៉ាងណា មន្ទីរសាធារណការ និងដឹកជញ្ជួនរាជធានីភ្នំពេញ ក៏សូមឲ្យពលរដ្ឋទាំងអស់គ្នា ចូលរួមសំអាតសំរាមកកស្ទះមុខអណ្តូងលូ នៅមុខផ្ទះរៀងៗខ្លួនផងដែរ៕