ក្រសួង ពន្លឿនការងារស្ដារអូរប្រឡាយ នៅតំបន់បរិវេណជុំវិញអាងចម្រោះទឹកកខ្វក់ នៅខេត្តព្រះសីហនុ

លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ បានដឹកនាំក្រុមការងារបច្ចេកទេសជំនាញក្រសួង ចុះពិនិត្យទីតាំងការងារស្ដារអូរប្រឡាយ ដែលគោករាក់ឡើងវិញ ក្នុងខេត្តព្រះសីហនុ។

នាឪកាសនោះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យទីតាំងការងារស្ដារអូរប្រឡាយ ដែលគោករាក់ឡើងវិញ ស្ថិតនៅបឹងព្រែកទប់, អូរស្តេចមឹក និងតំបន់បរិវេណជុំវិញអាងចម្រោះទឹកកខ្វក់១៦ហត ខេត្តព្រះសីហនុ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការរំដោះលំហូរទឹកភ្លៀងឱ្យបានលឿន។

កាលពីថ្ងៃទី៣០ ខែសីហាកន្លងទៅ  លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះពិនិត្យនិងជម្រុញការស្តារប្រព័ន្ធអូរប្រឡាយ នៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀង។

សូមបញ្ជាក់ផងដែរថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងក្រុមការងារស្តារអូរប្រឡាយ បាន និងកំពុងសស្រាក់សស្រាំដោយអនុវត្តការងារទាំងថ្ងៃទាំងយប់ ក្នុងការកាយស្តារអូរប្រឡាយនៅតាមទីតាំងសំខាន់ៗ ដើម្បីបើកមុខទឹកឱ្យហូរបានលឿន សំដៅសម្រេចឱ្យបានតាមផែនការគ្រោងទុក៕