សម្តេច ហ៊ុន សែន៖ ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា កំពុងស្ថិតក្នុងការគ្រប់គ្រងបាន

ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា យុទ្ធសាស្ត្រចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលធ្វើឱ្យអត្រាអ្នកឆ្លងជំងឺកូវីដ១៩ថយចុះ។ ចំណុចនេះ បានន័យថា ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា កំពុងស្ថិតក្នុងការគ្រប់គ្រងបានហើយ។នេះបើតាម សន្និសីទសារព័ត៌មាន បន្ទាប់ពីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា បន្ទាប់ពីដាក់ចេញនូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អស់រយៈពេលជាច្រើនខែមក ដែលផ្តើមចេញពីរាជធានីភ្នំពេញ និងខេត្តកណ្តាលបានបង្ហាញថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅរាជធានី ខេត្តទាំងពីរនេះគឺមានអត្រាអ្នកឆ្លងថយចុះ។

សម្តេចបន្តថា «យើងបានប្រើយុទ្ធសាស្ត្រចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ប្រៀបដូចជាផ្ការីក គឺចាក់នៅទីក្រុង ឬទីប្រជុំជនចេញទៅ ខាងក្រៅទើបទទួលជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។ សម្តេចតេជោគូសបញ្ជាក់ថា “ស្ថានភាពជំងឺកូវីដ១៩នៅ កម្ពុជាកំពុងស្ថិតក្នុងការគ្រប់គ្រងបាន។ ឥឡូវនេះសង្កេតឃើញ ថាលទ្ធភាពចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលដែលជាតំបន់ឆ្លងខ្លាំង ឥឡូវចំនួនឆ្លងមានការធ្លាក់ចុះ ហើយបើតាមក្រុមគ្រូពេទ្យធីតា សហការជាមួយសាលាក្រុងភ្នំពេញបានធ្វើការសិក្សារយៈពេល១សប្តាហ៍ដោយប្រៀបធៀបនឹងខែមេសា និងឧសភា គឺមានការធ្លាក់ចុះយ៉ាងខ្លាំង”។

សម្ដេច បន្ដថា នៅពេលចាក់វ៉ាក់សាំងអត្រាអ្នកឆ្លងជំងឺកូវីដក៏ធ្វើឱ្យអ្នកឆ្លងតិច និងអត្រាមរណភាពមានចំនួនតិចដែលកាលពីមុននៅក្នុងរាជធានីភ្នំពេញ ចំនួនអ្នកស្លាប់ច្រើន(មិនមែនអ្នកនៅភ្នំពេញស្លាប់ទេគឺអ្នកឆ្លងតាមខេត្តបញ្ជូនមកព្យាបាលនៅមន្ទីពេទ្យនៅភ្នំពេញ)។ ជាមួយគ្នានេះដែរ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះអត្រាអ្នកឆ្លងជំងឺមានថយចុះ ហើយកើនឡើងតិចដែរ។ ប៉ុន្តែនៅពេលការវ៉ាក់សាំងក្នុងខ្លួនទោះបីជាឆ្លងក៏មានសភាព ស្រាលដែលមិនអាចនាំដល់ការស្លាប់។

តែយ៉ាងណាក៏ដោយ សម្តេច  ក៏បានលើកឡើងថាកន្លងមកនេះក៏មានអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយក៏មិនគោរពវិធានការសុខាភិបាល ៣កុំ ៣ការពារផងដែរ។ ដូច្នេះគណៈកម្មការចំពោះកិច្ចត្រូវធ្វើការអប់រំចំពោះករណីនេះ ។

សម្តេច ក៏បានអះអាងថា “វ៉ាក់សាំងតែមួយមុខមិនគ្រប់គ្រាន់នោះទេ គឺត្រូវអនុវត្តន៍វិធានការ ៣ការពារ ៣កុំ ត្រូវតែបន្តដោយគ្មានការលើកលែង វិធានការអប់រំ និងច្បាប់ត្រូវបន្តទៅលើបញ្ជានេះ។ ពីព្រោះបើមិនដូច្នះទេ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចមិនអនុវត្តន៍វិធានការនោះទេ”៕