ក្រុមបច្ចេកទេសក្រសួង ពន្លឿនអនុក្រឹត្យប្រើប្រាស់ដីចំណីផ្លូវ នៅតាមបណ្តោយផ្លូវថ្នល់ និងផ្លូវរថភ្លើង

ក្រុមជំនាញបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពន្លឿនពិនិត្យពិភាក្សា និងកែសម្រួលសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ និងផ្លូវរថភ្លើង ដើម្បីដាក់អនុវត្តឱ្យបានក្នុងពេលឆាប់ៗនេះ។

ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងក្នុងកិច្ចប្រជុំ កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១  នេះថា គោលបំណងពិនិត្យពិភាក្សា និងកែសម្រួលសេចក្តីព្រាងអនុក្រឹត្យនេះ ដើម្បីប្រមូលធាតុ ចូលឱ្យកាន់តែទូលំទូលាយ ដើម្បីបំពេញមន្ថែមចំណុចខ្វះខាត ធ្វើយ៉ាងណាឱ្យការរៀបចំសេចក្ដីព្រាងអនុក្រឹត្យនេះមានខ្លឹមសារកាន់តែច្បាស់លាស់គ្រប់ជ្រុងជ្រោយ។

ឯកឧត្តម អះអាងបន្តថា អនុក្រឹត្យស្តីពីការគ្រប់គ្រងដី ចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ និងផ្លូវរថភ្លើងនេះមានសារៈសំខាន់ណាស់ ក្នុងការទប់ស្កាត់ការរំលោភដីចំណីផ្លូវ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញក្រុមអ្នកជំនាញជួយគិតគូរយ៉ាងណា ឱ្យអនុក្រឹត្យនេះចេញទៅអាចអនុវត្តប្រកបដោយប្រសិទ្ធភាព និងភាពរលូន ចៀសផុតពីភាពស្រពេចស្រពិល ដល់មន្ត្រីអនុវត្តច្បាប់ និងមិនបង្កផលប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់។

គួរបញ្ជាក់ថា តាមរយៈអង្គប្រជុំខាងលើនេះ ក្រុមអ្នកជំនាញបច្ចេកទេស បានឯកភាពលើសំណើសុំដាក់បញ្ចូលបន្ថែមនូវលិខិតបទដ្ឋានពាក់ព័ន្ធមួយចំនួន ក្នុងមូលបទនៃសេចក្តីព្រាងអនុក្រឹត្យ និងបានឯកភាពបញ្ចូលមាត្រា១ និងមាត្រា២បញ្ចូលគ្នា ដើម្បីឱ្យស្របទៅតាមទម្រង់ថ្មី តាមរយៈសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋ មន្រ្តីនៅឆ្នាំ២០២០៕