អាជ្ញាធរជាតិអប្សរា រកឃើញរូបព្រះសិរមេទេវតា​ព្រះភ័ក្រ្ត​៤ នៅខ្លោងទ្វារតាកាវ

សៀមរាប ៖ រូបចម្លាក់ព្រះសិរមេទេវតា ត្រូវបានក្រុមការងារជួសជុលខ្លោងទ្វារតាកាវ ប្រទះឃើញកប់ក្នុងដីនៅក្បែរខឿនជ្រុងឦសាន នៃខ្លោងទ្វាតាកាវ កាលពីថ្មីៗនេះ។ រូបព្រះសិរមេទេវតាព្រះភ័ក្រ្ត៤ ដែលបានរកឃើញមានព្រះភ័ក្រ្ត២ត្រឹមពាក់កណ្តាលច្រមុះចុះក្រោម។

ចំពោះចម្លាក់ព្រះសិរទេវតា ដែលបានរកឃើញនេះ ក្រុមការងារបានយកទៅធ្វើការផ្គុំសាកល្បង​ជាមួយ​នឹងចម្លាក់ស្មាទេវតា ដើម្បីផ្ទៀងផ្ទាត់ ជាលទ្ធផលចម្លាក់ព្រះភ័ក្រ្តដែលបានរកឃើញ​នោះពិតជាត្រូវគ្នាជាមួយនឹងតួខ្លួនមេទេវតាប្រាកដមែន។

បន្ទាប់ពីផ្គុំរួចរាល់ហើយ ក្រុមការងារបានសហការជាមួយ​ នឹងនគរបាលការពារបេតិកភណ្ឌ​ក្នុង​តំបន់អង្គរ ដើម្បីយកចម្លាក់ព្រះភ័ក្រ្តនោះ មករក្សាទុកនៅទីតាំងការដ្ឋានខ្លោងទ្វារតាកាវ ដើម្បីធ្វើការជួសជុលឡើងវិញ៕