ប្រមុខរដ្ឋាភិបាល​ បង្ហាញយុទ្ធសាស្ត្រធំៗចំនួន៤ ដើម្បីបើកទេសចរណ៍កម្ពុជាឡើងវិញ

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានផ្ញើសារលិខិតចូលរួមអបអរសាទរ ហើយក៏បានចែករម្លែកនូវការយល់ឃើញជាយុទ្ធសាស្ត្រ៤ចំណុចដើម្បីបើកទេសចរណ៍កម្ពុជាឡើងវិញ។ការបង្ហាញយុទ្ធសាស្រ្តនេះ គឺធ្វើឡើងចំទិវាទេសចរណ៍ពិភព លោកឆ្នាំ២០២១ ក្រោមប្រធានបទ​«ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន» នាថ្ងៃទី២៧ខែកញ្ញា។

ក្នុងសារលិខិត សម្តេចបាន បញ្ជាក់ថា ជាការពិតណាស់​វិស័យទេសចរណ៍ ដែលជា​វិស័យ​ពឹងផ្អែក​លើការធ្វើដំណើរ បាននិងកំពុងទទួលរង ផលប៉ះពាល់យ៉ាងដំណំពីវិបត្តិជំងឺរាតត្បាតកូវីដ-១៩ លើគ្រប់ផ្នែកទាំងអស់នៃខ្សែសង្វាក់ផ្គត់ផ្គង់ ក្នុងកម្រិតពិភពលោក ឆ្នាំ២០២០ ចំនួនទេសចរ​អន្តរជាតិ​បានធ្លាក់ចុះរហូតដល់ ៧៣% ដែលធ្វើឱ្យប៉ះពាល់ការងារផ្ទាល់ពី១០០ ទៅ១២០លាន និងការងារមិនផ្ទាល់ជាច្រើនរយលាននាក់ថែមទៀត។

ដោយឡែកនៅកម្ពុជា ចំនួនទេសចរអន្តរជាតិបានថយចុះរហូតដល់ ៨០,២%ប៉ះពាល់ការងារផ្ទាល់​ជាង១១ម៉ឺននាក់ និងការងារមិនផ្ទាល់រាប់ម៉ឺននាក់ទៀត ហើយនិន្នាការនេះនឹងបន្តធ្លាក់​ចុះតទៅ​ទៀតក្នុងឆ្នាំ២០២១ នេះ។

​​

ដើម្បីចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទ “ទេសចរណ៍​ដើម្បី កំណើនប្រកបដោយបរិយាបន្ន»​សម្តេចក៏បានចែករំលែក​ការយល់ឃើញ​ និង​គូសបញ្ជាក់​នូវយុទ្ធសាស្ត អាទិភាពមួយចំនួន ដើម្បីចាប់ផ្តើមបើកឡើងវិញនូវសកម្មភាពទេសចរណ៍ជាតិ និងអន្តរជាតិនាពេលខាងមុខ ឆ្ពោះទៅការអភិវឌ្ឍទេសចរណ៍កម្ពុជាប្រកបដោយចីរភាព បរិយាបន្ន និងមានភាពធន់នឹងវិបត្តិកាន់តែប្រសើរ ៖

១- យោងលើល្បឿននៃការចាក់វ៉ាក់សាំងនៅកម្ពុជា យើងជឿជាក់ថា គោលដៅទេសចរណ៍​កម្ពុជា​នឹង ត្រូវបានមើលឃើញថា ពិតជាធានាបាននូវសុវត្ថិភាព ទំនុកចិត្ត និងភាពជឿជាក់របស់​ទេសចរជាតិ និងអន្តរជាតិ ឡើងវិញ។ កត្តានេះ រួមផ្សំនឹងការទទួលយកនូវការរស់នៅក្នុង​គន្លង​ប្រក្រតីភាពថ្មី ដោយប្រកាន់ខ្ជាប់នូវ វិធានសុខាភិបាលទប់ស្កាត់នឹងការឆ្លងជំងឺកូវីដ-១៩ នឹងជំរុញ​ឱ្យកម្ពុជាអាចបើកឡើងវិញជាជំហានៗនូវសកម្មភាព ទេសចរណ៍ផ្ទៃក្នុងនិងអន្តរជាតិ ដោយតម្កល់​សុខភាពសាធារណៈជាអាទិភាព។ ស្ថិតក្នុងភាពសុទិដ្ឋិនិយមនេះ អាជ្ញាធរពាក់ព័ន្ធ​គ្រប់លំដាប់ថ្នាក់ ផ្នែកឯកជន និងភាគីពាក់ព័ន្ធនានា ត្រូវផ្តល់កិច្ចសហការគាំទ្រចំពោះការរៀបចំផែនការ យុទ្ធសាស្ត្រ ក្នុងការត្រៀមបើកទទួលទេសចរណ៍សុវត្ថិភាព នាពេលខាងមុខ។

២- កន្លងមកវិស័យទេសចរណ៍បានបំពេញតួនាទីយ៉ាងសកម្ម ជាម៉ាស៊ីនអូសទាញកំណើនសម្រាប់ វិស័យសេដ្ឋកិច្ច-សង្គមដ៏ទៃទៀត តាមរយៈឥទ្ធិពលមេគុណសេដ្ឋកិច្ចពី៤ទៅ៥ដង និងមេគុណឥទ្ធិពលការងារដ៏ខ្ពស់ដោយការងារផ្ទាល់ ១ ក្នុងវិស័យទេសចរណ៍អាចបង្កើតការងារមិនផ្ទាល់ចំនួន ១,៥ (មួយកន្លះ)។

ក្នុងន័យនេះ សម្តេចបានសូមលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ផ្នែកឯកជន យុវជន និងដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិ ចូលរួមជំរុញការបង្កើត និងផ្គត់ផ្គង់សេវាកម្មទេស​ចរណ៍ឱ្យកាន់តែសម្បូរបែប តាមរយៈ ការដាក់ចុះនូវកម្មវិធីយុវជននិងធុរកិច្ចក្នុងវិស័យទេសចរណ៍​កម្មវិធីជំរុញការបង្កើតថ្មីនិងនវានុវត្តន៍ទេសចរណ៍ ជនបទ ព្រមទាំងលើកកម្ពស់ការយល់ដឹង​និង​កសាងសមត្ថភាពផ្នែកទេសចរណ៍ឌីជីថលដល់ថ្នាក់មូលដ្ឋាន ក្រោមការសម្របសម្រួល​និងដឹកនាំ​របស់ក្រសួងទេសចរណ៍ និងក្រោមកិច្ចសហប្រតិបត្តិការពីអង្គការទេសចរណ៍ ពិភពលោក សហគមន៍​អន្តរជាតិ និងដៃគូអភិវឌ្ឍនានា។

៣- វិបត្តិកូវីដ-១៩ បានធ្វើឱ្យមានការចាកចេញពីការងារ ខ្សែសង្វាក់ផ្គត់ផ្គង់ទេសចរណ៍គ្រប់កម្រិត ត្រូវផ្អាកស្ទើរទាំងស្រុង ដែលទាំងនេះបានបង្កជាឧបសគ្គនៃដំណើរការស្តារឡើងវិញ​នៃវិស័យទេសចរណ៍ នាពេលខាងមុខ។

ក្នុងន័យនេះ សម្តេចបានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវសហការកាន់តែសកម្មថែម ទៀតជាមួយក្រសួងទេសចរណ៍ ធ្វើការបណ្តុះបណ្តាលជំនាញបន្ថែមនិងជំនាញថ្មីដល់យុវជន ស្របតាម យន្តការអភិវឌ្ឍន៍ជំនាញទេសចរណ៍ប្រកបដោយចីរភាព។

៤- បន្ទាប់ពីវិបត្តិកូវីដ-១៩ សម្តេចយល់ឃើញថា និន្នាការទេសចរណ៍នឹងមានសភាពខុសពីមុន ពោលគឺ ការគិតគូរអំពីសុវត្ថិភាពនិងផាសុកភាពនឹងក្លាយជាកត្តាអាទិភាព​ក្នុងការសម្រេច​ចិត្ត​ជ្រើសរើសគោលដៅ ធ្វើដំណើរកំសាន្ត។

ក្នុងន័យនេះ សម្តេចក៏បានលើកទឹកចិត្ត និងគាំទ្រនូវការដាក់ចុះយុទ្ធនាការ “កម្ពុជាសុវត្ថិភាព – Cambodia Safe” ដើម្បីជាមុំយុទ្ធសាស្ត្រទាក់ទាញទេសចរផ្ទៃក្នុង​និងអន្តរជាតិក្នុងដំណាក់​កាល​នៃការបើកឡើងវិញ និងពេលអនាគត។

ទោះយ៉ាងណាក៏ដោយ សម្តេចបន្តថា បងប្អូនជនរួមជាតិ ក្មួយៗ ចៅៗ ជាទីស្រឡាញ់ ! បច្ចុប្បន្ន ទោះជាមានការជឿនលឿនខ្លាំងលើការចាក់វ៉ាក់សាំងនៅកម្ពុជាយើងនៅតែស្ថិតក្នុងភាព ផុយស្រួយ ហើយយើងទាំងអស់គ្នាត្រូវបន្តចូលរួមអនុវត្តវិធានរដ្ឋបាលនិងសុខាភិបាលតទៅទៀត ដោយ សេចក្តីអត់ធ្មត់ ដើម្បីជាគ្រឹះរឹងមាំនៃការបើកសកម្មភាពទេសចរណ៍ ក៏ដូចជាសកម្មភាពសេដ្ឋកិច្ច​និងសង្គម ផ្សេងៗទៀតឡើងវិញប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ៕