ក្រសួង​ ស្នើក្រុមហ៊ុនសាងសង់ បង្កើនការលើកកម្ពស់គុណភាពផ្លូវសម្តេចសង្ឃរាជទេពវង្ស នៅក្រុងព្រះសីហនុ

ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវសម្តេចសង្ឃរាជទេពវង្ស តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់រង្វង់មូលសម្តេចសង្ឃរាជទេពវង្ស ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

នាឪកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការណែនាំដល់ក្រុមហ៊ុនទទួលការសាងសង់ត្រូវយកចិត្តទុកដាក់ជួសជុលផ្លូវជាប្រចាំ ដោយដាក់គ្រឿងចក្រឈូសឆាយផ្លូវឱ្យបានរាបស្មើល្អ ដើម្បីសម្រួលការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ការដ្ឋានស្ថាបនាផ្លូវសម្តេចសង្ឃរាជទេពវង្សនេះ គឺតភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់រង្វង់មូលសម្តេចសង្ឃរាជទេពវង្ស ឆ្ពោះទៅកាន់រង្វង់មូលស្រុកស្ទឹងហាវ និងពីរង្វង់មូលស្រុកស្ទឹងហាវ ឆ្ពោះមកកាន់វិថីផែ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងថ្ងៃជាមួយគ្នានោះដែរ គណៈប្រតិភូនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តព្រះសីហនុ ក៏បានចុះពិនិត្យផ្លូវលេខ៨០០ និងពិនិត្យសកម្មភាពការកាយស្តារអូរ ប្រឡាយនៅចំនុចស្ពានអូរ១ និងអូរ២ រួចបន្តទៅអាងច្រោះទឹកកខ្វក់ ១៦ហិកតា នៅចុងឆ្នេរអូរឈើទាល ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុផងដែរ៕