មន្ត្រីជាន់ខ្ពស់ក្រសួងការងារ កោតសរសើរស្នាដៃផលិតដ្រូនរបស់ក្រុមនិស្សិតខ្មែរ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញមោទនភាព ចំពោះចំពោះស្នាដៃផលិតដ្រូន របស់និស្សិតដែលកំពុងសិក្សារៀនសូត្រនៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។

នាឱកាសអញ្ជើញចុះសំណេះសំណាលនេះដែរ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាត់ទុកបានថា នេះជាស្នាដៃដំបូងបំផុតសម្រាប់កម្ពុជាដែលមានក្រុមនិស្សិតដូចជាប្អូនៗបានរៀបចំបង្កើតដ្រូននេះឲ្យចេញជារូបរាងឡើង។

ឯកឧត្តមបន្តដូច្នេះថា «យើងធ្លាប់តែឃើញប្រទេសអភិវឌ្ឍន៍ ដែលមានវិទ្យាសាស្ត្ររីកចម្រើនខ្លាំងនោះ បង្កើតដ្រូនប្រភេទនេះ ដើម្បីបម្រើសេចក្តីត្រូវការផ្នែកឧស្សាហកម្ម កសិកម្ម និងសេវាកម្មដទៃផ្សេងទៀត។ប៉ុន្តែបើយើងក្រឡេកមកមើលការរៀបចំដ្រូនរបស់ក្រុមនិស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ពិតជាមិនចាញ់ដ្រូនដែលបង្កើតឡើងដោយបណ្តាប្រទេសរីកចម្រើនខាងបច្ចេកវិទ្យាទាំងនោះផងទេ»។

ឯកឧត្តម ហេង សួរ រំពឹងយ៉ាងមុតមាំថា ស្នាដៃថ្មីៗបន្ថែមទៀត នឹងកើតចេញជាផ្លែផ្កា មានភាពទំនើប ទាន់សម័យ  ដើម្បីបម្រើតម្រូវការចាំបាច់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើង ហើយក៏ជាការលើកស្ទួយកិត្យានុភាព ក៏ដូចមោទនភាពរបស់ជាតិសាសន៍យើងផងដែរ។

មិនតែប៉ុណ្ណោះ ឯកឧត្តម ក៏បានកោតសរសើរថ្នាក់ដឹកនាំសាលា ព្រមទាំងសាស្ត្រាចារ្យ ដែលបានប្រឹងប្រែង ធ្វើឲ្យវិទ្យាស្ថានមានការអភិវឌ្ឍ រីកចម្រើនជាខ្លាំង ដើម្បីចូលរួមចំណែកលើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា កាន់តែមានសក្តានុពលបន្ថែមទៀត៕