កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមការងារសម្របសម្រួលការដឹកជញ្ជូនអាស៊ានលើកទី៤១

កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមការងារសម្របសម្រួលការដឹកជញ្ជូនអាស៊ានលើកទី៤១ (The 41st  ASEAN Transport  Facilitation Working Group Meeting-TFWG) និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់អាស៊ានលើកទី១៣ (The 13th ASEAN Transit Transport Coordination  Board  Meeting) តាមរយៈប្រព័ន្ធវីដេរអូពីចម្ងាយ។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង ចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១  មានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា តំណាង ប្រទេសនៃរដ្ឋជាសមាជិកអាស៊ាន និងដៃគូអភិវឌ្ឍន៍នានាផងដែរ។

អង្គប្រជុំពិភាក្សាដោយផ្តោតជាសំខាន់លើការអនុវត្តវិធានការទាក់ទងនឹងកិច្ចសម្របសម្រួលដឹកជញ្ជូនក្រោមផែនការយុទ្ធសាស្ត្រដឹកជញ្ជូនកូឡាឡាំពួរ (KLTSP) ការអនុវត្តវិធានការទាក់ទងនឹងការដឹកជញ្ជូនប្រកបដោយចីរភាព ក្រោមផែនការយុទ្ធសាស្ត្រដឹកជញ្ជូនកូឡាឡាំពួរ (KLTSP) ផែនការការងាររបស់ក្រុមការងារ TFWG ឆ្នាំ២០២០-២០២១ និង២០២២-២០២៣ ការសម្របសម្រួលជាមួយគណៈកម្មាធិការប្រឹក្សាយោបល់រួមសម្រួលពាណិជ្ជកម្មអាស៊ាន (ATF-JCC) កិច្ចសហការប្រតិបត្តិការដឹកជញ្ជូនជាមួយភាគីដៃគូពិភាក្សា និងអង្គការអន្តរជាតិ និងកិច្ចសហការប្រតិបត្តិការជាមួយវិស័យឯកជន។

ជាមួយគ្នានេះ អង្គប្រជុំក៏ពិភាក្សាផងដែរលើការអនុវត្តកិច្ចព្រមព្រៀងសម្របសម្រួលដឹកជញ្ជូនអាស៊ាន របាយការណ៍នៃកិច្ចប្រជុំក្រុមការងារសម្របសម្រួលការដឹកជញ្ជូនអាស៊ានលើកទី៤១(TFWG) ស្ថានភាពអនុវត្តផែនការការងារទូទៅនៃក្រុមប្រឹក្សាសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់របាយការណ៍វឌ្ឍនភាពនៃបញ្ហាទាក់ទងនឹងការដឹកជញ្ជូន របាយការណ៍វឌ្ឍនភាពនៃបញ្ហាទាក់ទងនឹងគយ របាយការណ៍វឌ្ឍនភាពនៃបញ្ហាទាក់ទងនឹងការធានារ៉ាប់រង របាយការណ៍វឌ្ឍនភាពនៃបញ្ហាអនាម័យ និងភូតគាមអនាម័យ និងរបាយការណ៍វឌ្ឍនភាពស្តីពីការផ្លាស់ប្តូរទំនិញដែលមានគ្រោះថ្នាក់ក្នុងការដឹកជញ្ជូនឆ្លងកាត់៕