ថៅកែ និងមេការស្ថានីយប្រេងឥន្ធនៈចំនួន ៣នាក់ ត្រូវបានចាប់បញ្ជូនទៅតុលាការ រឿងលក់ប្រេងមិនគ្រប់លីត្រ

ខេត្តកណ្ដាល៖ ថៅកែស្ថានីយប្រេងឥន្ធនៈចំនួន២នាក់ ជាមួយនឹងមេការម្នាក់ទៀត នៅថ្ងៃទី១៣ ខែតុលានេះត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលចាប់ខ្លួននិងបញ្ជូនទៅសាលាដំបូងខេត្ត ដែលពាក់ព័ន្ធនឹងករណីលក់ប្រេងឥន្ធនៈមិនប្រក្រតី(មិនគ្រប់លីត្រ)។

មន្រ្តីនគរបាលខេត្តកណ្ដាលបានឱ្យដឹងថា ការចាប់ខ្លួនថៅកែ និងមេការលក់ប្រេងឥន្ធនៈនេះ នៅថ្ងៃទី១២ ខែតុលា ២០២១ វេលាម៉ោង៧៖០០នាទី នៅចំណុចស្ថានីយប្រេងឥន្ទនៈតេលាដេប៉ូ «ចាន់ធឿន» និងស្ថានីយប្រេងឥន្ទនៈតេលាដេប៉ូ «ម៉ាក់ ម៉ីម៉ី» ដែលស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។

មន្រ្តីបន្តថា ជនសង្ស័យ៣នាក់ដែលបញ្ជូនទៅតុលាការនោះរួមមាន៖ ទី១-ឈ្មោះ ហ៊ុយ សុខហ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិព្រែកខ្សេវ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី២-ឈ្មោះ នុត វាន់ឌឿន ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិកោះគរ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
និង​ទី៣-ឈ្មោះ ថូ សុផាត ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិព្រែកខ្សេវ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានអះអាងថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៦៖៤០នាទី ក្រុមគណៈកម្មាធិការចម្រុះ មានកាំកុងត្រូលប្រចាំខេត្ដកណ្តាល និងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការ​ដ្ឋា​នន​គរបាលខេត្តកណ្តាល បានចុះទៅត្រួតពិនិត្យនៅចំណុចស្ថានីយប្រេងឥន្ទនៈតេលាដេប៉ូ «ចាន់ធឿន» និងស្ថានីយប្រេងឥន្ទនៈតេលាដេប៉ូ «ម៉ាក់ ម៉ីម៉ី» ដែលស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយក៏បានពិនិត្យឃើញថា មានមិនប្រក្រតីជាលទ្ធផលរួមមាន៖

-ដេប៉ូ «ម៉ាក់ម៉ីម៉ី» លក់ប្រេងសាំងធម្មតា ខ្វះ៧លីត្រ ក្នុង១០០លីត្រ, ប្រេងសាំស៊ុបពែរ ខ្វះ៨,៨លីត្រ ក្នុង១០០លីត្រ, ប្រេងម៉ាស៊ូត ខ្វះ៥,០៥លីត្រ ក្នុង១០០លីត្រ។

-ដេប៉ូ «ចាន់ ធឿន» លក់ប្រេងសាំងធម្មតា ខ្វះ៥,៣លីត្រ ក្នុង១០០លីត្រ, ប្រេងសាំងស៊ុបពែរ ខ្វះ៥,៨លីត្រ ក្នុង១០០លីត្រ, ប្រេងម៉ាស៊ូត ខ្វះ ៦,១៥លីត្រ ក្នុង១០០លីត្រ ទើបសមត្ថកិច្ចបានធ្វើការបិទសៀលទៅលើដៃបូមប្រេងឥន្ទនៈ និងផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មរបស់ដេប៉ូប្រេងឥន្ទនៈទាំង២នេះ។

លុះដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១២០២១ វេលាម៉ោង៧៖០០នាទី ឈ្មោះ ហ៊ុង សុខហ៊ាង បានមកចំណុចស្ថានីយប្រេងឥន្ទនៈតេលាដេប៉ូ «ចាន់ ធឿន» របស់ខ្លួន ហើយក៏បានយកកន្ត្រៃមកកាត់ផ្តាច់ខ្សែលួស (សៀល) ដើម្បីបើកលក់ជាធម្មតាឡើងវិញ។

ចំណែកឈ្មោះ ថូ សុផាត នៅ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៧៖០០នាទី គាត់បានយកកន្ត្រៃមកកាត់ខ្សែលួស (សៀល) ដែលសមត្ថកិច្ចបានបិទនោះ ដើម្បីបើកលក់ជាធម្មតាវិញដែរ។ ភ្លាមៗនោះក្រុមគណៈកម្មាធិការចម្រុះបានចុះទៅបិទអាជីវកម្មម្តងទៀត និងនាំខ្លួនជនទាំង៣នាក់នោះ មកស្នងការ​ដ្ឋា​នន​គរបា​លខេ​ត្តកណ្តា​ល ដើម្បីធ្វើការសាកសួរ។

បើតាមលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងខេត្តកណ្ដាល បានអះអាងថា ថៅកែស្ថានីយប្រេងឥន្ធនៈទាំង​នេះ បានបំពាននឹងច្បាប់ដែលអាចចាត់ចូលជាបទព្រហ្មទណ្ឌ ហើយអាចនឹងយោងតាមបទចោទមាត្រា ៥៣៥-៥៣៦ ដែលនេះគ្រាន់តែសន្និដ្ឋានជាបឋមមុនសិនប៉ុណ្ណោះ រង់ចាំថ្ងៃឡើងសវនការទើបកាត់ក្ដីតាមបទល្មើសជាក់ស្ដែង។

បើតាមលោក តូច ចៅកុយ ប្រធាន ក.ប.ប ខេត្តកណ្ដាល បានឱ្យដឹងថា ករណីនេះកម្លាំងរបស់លោកបានចុះមកពិនិត្យដោយរកឃើញថា មានភាពមិនប្រក្រតីជុំវិញការលក់ប្រេង ហើយបិទបណ្ដោះអាសន្តសិន ប៉ុន្តែម្ចាស់ស្ថានីយពុំព្រមគោរណ៍តាម និងហ៊ានកាត់ផ្ដាច់ខ្សែសៀល និងលក់ទាំងបំពាន ទើបលោកសុំគោលការណ៍ព្រះរាជអាជ្ញាខេត្តកណ្ដាល លោក លាវ ស្រេង ដើម្បីសុំកម្លាំងអន្តរាគមន៍ចុះមកអនុវត្តន៍ទៅតាមច្បាប់៕