សាលារៀននៅខេត្តសៀមរាប គ្រោងបើកដំណើរការសាកល្បង នាដើមសប្តាហ៍ទី៣ ខែតុលានេះ

អាជ្ញាធរខេត្តសៀមរាបលើកឡើងថា ការរៀនរស់ជាមួយកូវីដ-១៩ គឺជាតំណាក់កាល នៃការប្រើប្រាស់យន្តការប្រកបដោយការទទួលខុសត្រូវ ធ្វើឲ្យដំណើរការឡើងវិញលើវិស័យដែលមានផលប៉ះពាល់ ហើយការមិនដំណើរការសាលារៀន គឺជាវិបត្តិនៅក្នុងវិស័យបណ្តុះបណ្តាលធនធានមនុស្ស ដែលជាឧបករណ៍អភិវឌ្ឍជាតិ នាថ្ងៃអនាគត ។

កិច្ចប្រជុំពីចម្ងាយតាមប្រព័ន្ធអនឡាញ កាលព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ដែលដឹកនាំការពិភាក្សាដោយលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានប្រចាំការ នៃគណ:កម្មការត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណ: និងឯកជន ក្រោមការចូលរួមផ្តល់មតិយោបល់ ពីសំណាក់មន្រ្តីតំណាងគណ:អភិបាលស្រុក និងមន្រ្តីការិយាល័យអប់រំ យុវជន និងកីឡាក្រុង-ស្រុកទាំង១២ របស់ខេត្តសៀមរាប បានឯកភាពគ្នាជាគោលការណ៍ អំពីការបើកដំណើរការសាលារៀនសាកល្បងនេះ។ គោលការណ៍នេះ ត្រូវបានដាក់ជាសំណើទៅឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណ:កម្មការត្រួតពិនិត្យ-វាយតម្លៃការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណ: និងឯកជន ដើម្បីសុំសេចក្តីសំរេចជាផ្លូវការ។

បើសិនជាគោលការណ៍នេះ មិនមានការយល់ជំទាស់ទេនោះ ខេត្តសៀមរាបនឹងត្រូវបានបើកឲ្យដំណើរការសាកល្បង សាលាកំរឹតមធ្យមសិក្សាចំនួន ៤៤សាលា នៅថ្ងៃទី១៨ ខែតុលា និងសាលាកំរឹតបឋមសិក្សាចំនួន ១២៩សាលា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ខាងមុខ។ សាលារៀនទាំងនេះ ស្ថិតនៅក្នុងរដ្ឋបាលស្រុកទាំង៨ ដែលបានដាក់ពាក្យស្នើសុំកន្លងមក។

លោក ពៅ ពិសិដ្ឋ មានប្រសាសន៍ថា តំណាក់កាល នៃការរៀនរស់ជាមួយកូវីដ-១៩ គឺជាតំណាក់កាលថ្មីមួយដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ នៃសម្តេចតេជោ ហ៊ុន សែន បានជម្រុញទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ ឲ្យប្រើប្រាស់នូវយន្តការដោយការទទួលខុសត្រូវ ធ្វើឲ្យដំណើរការឡើងវិញលើវិស័យដែលមានផលប៉ះពាល់។ នៅក្នុងនេះ វិស័យអប់រំគឺជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ដូចនេះការមិនដំណើរការសាលារៀន វាជាវិបត្តិសម្រាប់ការរីកចំរើនលូតលាស់ នៃសហគមន៍ និងសង្គមជាតិទាំងមូលនាថ្ងៃអនាគត។ លោកគូសបញ្ជាក់ច្បាស់ថា ឈានមកដល់ពេលនេះ វាគឺជាតំណាក់កាលដែលមិនអាចរង់ចាំការស្ងប់ស្ងាត់ទាំងស្រុង នៃវិបត្តិកូវីដ-១៩ នោះទេ តែការប្រុងប្រយ័ត្ន និងការចូលរួម គឺជាមូលដ្ឋាន នៃការបោះជំហ៊ាន ឈានចេញពីស្ថានភាពដ៏អាក្រក់ ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩។

យ៉ាងណាក៏ដោយ កិច្ចប្រជុំនេះបានបង្ហាញថា ការបើកដំណើរការសាលារៀនសាកល្បងនៅខេត្តសៀមរាប គឺត្រូវបានត្រៀមរួចជាស្រេច នូវការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារ ដែលបានដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ការអនុវត្តវិធានការ ៣ការពារ និង៣កុំ រួមទាំងការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។ ទាំងបុគ្គលិកអប់រំ គ្រូបង្រៀន និងសិស្សានុសិស្ស ត្រូវតែធានាថា បានចាក់វ៉ាក់សាំងបង្ការរួចហើយ។ អាជ្ញាធរមូលដ្ឋាន ការិយាល័យអប់រំ គណ:កម្មការទ្រទ្រង់សាលា សមាគមមាតាបិតាសិស្ស រួមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ បានរួមគ្នាទទួលខុសត្រូវ ជាពិសេសនោះ គឺការផ្តល់កិច្ចសហការគាំទ្រ យ៉ាងពេញទំហឹងពីមន្ទីរសុខាភិបាលខេត្ត៕