កម្ពុជា ប្រារព្ធទិវាពិភពលោកលាងសម្អាតដៃដើម្បីបន្ថយហានិភ័យនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍

ខេត្តព្រៃវែង៖ ជារៀងរាល់ឆ្នាំ ទិវាពិភពលោកលាងសម្អាតដៃ តែងតែត្រូវបានធ្វើឡើងនៅថ្ងៃទី១៥ ខែតុលា នៅក្នុងបណ្តាប្រទេសនានាទូទាំងពិភពលោក។ដោយឡែក សម្រាប់ប្រទេសកម្ពុជា ត្រូវបានប្រារព្វធ្វើឡើងនៅឯខេត្តព្រៃវែងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដើម្បីបង្ហាញអំពីសារសំខាន់នៃការលាងសំអាតដៃជាសកម្មភាពដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយហានិភ័យនៃការចម្លងជំងឺ ពិសេសជំងឺកូវីដ១៩ ក្នុងមូលដ្ឋាន និងសហគមន៍។

នៅឆ្នាំ២០២១ កម្មវិធីនេះ ប្រារព្ធឡើងក្រោមប្រធានបទ« អនាគតយើងស្ថិតនៅលើដៃយើង សូមចូលរួមលាងដៃទាំងអស់គ្នា» ដែលមានការចូលរួមពីសំណាក់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូរួម នឹងមន្ត្រីរាជការស្ថាប័នពាក់ព័ន្ធសំខាន់ៗមួយចំនួនផងដែរ។

ថ្លែងក្នុងឪកាសប្រារព្ធពិធីនេះ ឯកឧត្តម ឌុច គន្ធា អភិបាលរងនៃគណៈអភិបាលខេត្តព្រែវែង បានចាត់ទុកថា ទិវានេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា ពិសេសខេត្តព្រៃវែងព្រោះ ទិវានេះនឹងជួយជំរុញឱ្យមានទំលាប់ល្អក្នុងការលាងសម្អាតដៃជាមួយសាប៊ូ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់   អនាម័យនៅតាមគ្រួសារ សាលារៀន និងក្នុងសហគមន៍ទាំងមូល។

ឯកឧត្តមបន្តថា«ខណៈនៃជំងឺកូវីដ-១៩ បានក្លាយជាក្តីកង្វល់រដ្ឋាភិបាល ហេតុដូចនេះ ទិវានៃការលាងសម្អាតដៃជាមួយសាប៊ូ ពិតជាសកម្មភាពប្រកបដោយការពារដ៏មានប្រសិទ្ធិភាពបំផុត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ ១៩ ដែលជាជម្ងឺដ៍កាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ សំដៅការពារសុខភាព បន្ថយឲ្យបាន ជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជម្ងឺនេះ ចំពោះវិស័យសង្គមកិច្ច និងសេដ្ឋកិច្ចជាតិយើង»។

ទាក់ទិន នឹងការលើកឡើងនេះដែរ ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត  រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងដែរថា ក្នុងបរិបទកូវីដ-១៩នេះ ការលាងសម្អាតដៃជាមួយសាប៊ូ ពិតជាមានសារះសំខាន់ណាស់ និងជាសកម្មភាពដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយហានិភ័យនៃការចម្លងជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩។ដូចនេះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ និងជំងឺផ្សេងៗទៀត យើងទាំងអស់គ្នាត្រូវតែអនុវត្តន៍វិធានការ ៣កុំ ៣ការពារ របស់ប្រមុខរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន។

សូមបញ្ជាក់ថា ទិវាពិភពលោកលាងសម្អាតដៃដ៏មានសារៈសំខាន់នេះ បានរៀបចំធ្វើឡើងដោយក្រសួងអភិវឌ្ឍន៍ជនបទ និងដៃគូគាំទ្រពាក់ព័ន្ធមួយចំនួនដូចជា អង្គការ PLAN, អង្គការ WaterAid, អង្គការWorld vision, engineer Without borders Australia, iDE,Corporation និងក្រុមហ៊ុនSmart។

យោងតាមរបាយការណ៍របស់ក្រុមអ្នកធ្វើការងារពាក់ព័ន្ធនឹងអនាម័យសុខភាព បានរកឃើញជារួមថា ការលាងសម្អាតដៃជាមួយសាប៊ូអាចជួយកាត់បន្ថយការឆ្លងជំងឺរាគរូសបានពី៣០% ទៅ៤៨%, អាចកាត់បន្ថយជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវបាន ២៣%, បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការចម្លងជំងឺរាតត្បាត ដែលជាភ្នាក់ងារបង្កជំងឺអាសន្នរោគ អេបូឡា ជំងឺរាកមួល (Shigellosis) ជំងឺសារ (SARS) និងជំងឺរលាកថ្លើមប្រភេទE។

ក្រៅពីនោះ ការលាងសម្អាតដៃគឺអាចការពារ និងប្រឆាំងជាបំផ្លាញស្រទាប់ខាងក្រៅនៃវីរុស និងធ្វើឱ្យវីរុសអសកម្ម ជាដើម៕