ខេត្តព្រៃវែង ប្តេជ្ញានឹងឈានទៅបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល(ODF)នៅឆ្នាំ២០២៣

ទិវាលាងសម្អាតដៃពិភពលោក ដែលបានប្រារព្វធ្វើឡើងនៅឯខេត្តព្រៃវែង កាលថ្ងៃទី១៨ខែតុលាឆ្នាំ២០​២១ ស្ថាប័នពាក់ព័ន្ធ បានប្តេជ្ញានឹងឈានទៅបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល(ODF)នៅទូទាំងខេត្ត នាឆ្នាំ២០២៣ខាងមុខនេះ។

ក្នុងទិវាលាងសម្អាតដៃពិភពលោក ដែលប្រារព្ធឡើងនៅសាលាស្រុកពាមរក៍ ខេត្តព្រៃវែង លោក ឡុក វុឌ្ឍី  ប្រធានម្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានឲ្យដឹងថា បើទោះបីជាប្រទេសកម្ពុជាកំពុងជួបប្រទះវិបត្តិបញ្ហាជម្ងឺកូវីដដ៍ធ្ងន់ធ្ងរយ៉ាងណាក៍ដោយ ក៏ថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធ បានខិតខំសហការជាមួយក្រុមការងារ PWG DWG CWG  អង្គការដៃគូនានា  វិស័យឯកជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានសម្រេចបានលើការងារផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ធ្វើអោយមានការផ្លាស់ប្តូរទំលាប់របស់ប្រជាពលរដ្ឋ បានសាងសង់បង្គន់អនាម័យសម្រាប់ប្រើប្រាស់តាមគ្រួសារ និងមានប្រភពទឹកស្អាតសម្រាប់ប្រើប្រាស់។

ជាក់ស្តែង លោកថា មកទល់ពេលបច្ចុប្បន្នអណ្តូងសរុបក្នុងខេត្តមានចំនួន១៨៨.៩៨៥អណ្តូង ស្មើនឹង៨៩% បើប្រៀបធៀបទៅនឹងផែនការសកម្មភាពខេត្ត(PAPII ២០១៩- ២០២៣) សម្រេចអោយបាន៩០%។ ចំពោះផ្នែកអនាម័យទូទាំងខេត្ត មកទល់ពេលបច្ចុប្បន្ននេះ បង្គន់អនាម័យសរុបមានចំនួន២១៩.៦៦៩បង្គន់ ស្មើនឹង ៩៨% បើធៀបទៅនឹងលទ្ធផលឆ្នាំ២០២០កើនបាន៣%។

មិនតែប៉ុណ្ណោះ លោកអះអាងថា កាលពីពេលថ្មីៗកន្លងទៅ មាន៥ស្រុក និងក្រុង១ ត្រូវបានប្រកាសជាផ្លូវការជាស្រុក-ក្រុង ដែលបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល(ODF) គឺស្រុកកំពង់ត្របែក មេសាង បាភ្នំ កំចាយមារ ស្វាយអន្ទរ និងក្រុងព្រៃវែង។

ដោយឡែក សម្រាប់ផែនការបន្ទាប់ ទូទាំងខេត្តព្រៃវែង នឹងឈានទៅបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលជា ( ODF )ខេត្ត នៅឆ្នាំ២០២៣ផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តម ឌុច គន្ធា អភិបាលរងនៃគណៈអភិបាលខេត្តព្រែវែង ក៏បានបញ្ជាក់ដែរថា រដ្ឋបាលអាជ្ញាធរគ្រប់ថ្នាក់  ជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ នឹងខិតខំពង្រឹងសមត្ថភាព ភារកិច្ចទទួលខុសត្រូវ ចូលរួមអនុវត្តឲ្យមានប្រសិទ្ធិភាពក្នុងការលើកកម្ពស់អនាម័យជនបទ ដើម្បីផ្លាស់ប្តូរទម្លាប់លាងសម្អាតដៃជាមួយសាប៊ូ ការសាងសង់ប្រើប្រាស់បង្គន់អនាម័យ សម្រេចបានជាខេត្តODF។

គួរបញ្ជាក់ថា ខេត្តព្រៃវែងស្ថិត មានស្រុកចំនួន១២ និងក្រុងចំនួន១ រួមមានឃុំចំនួន១១២ និងសង្កាត់ចំនួន៤ មានភូមិចំនួន១,១៤៩ មានប្រជា ពលរដ្ឋសរុបចំនួន ១.២៣៨.៤២៧នាក់ ស្រី៦៤០.៨៦៦នាក់ មាន២៤៣.៤៧៣គ្រួសារ ស្មើនឹង២៣៥.២៥៤ខ្នងផ្ទះ។

ជារួម ស្ថាប័នពាក់ព័ន្ធខេត្តព្រៃវែង ក្រៅពីប្តេជ្ញានឹងឈានទៅបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល(ODF)នៅឆ្នាំ២០២៣ ហើយនោះ ស្ថាប័នទាំងនោះ ក៏បានបង្ហាញក្តីរំពឹងទុកថា ជាតាមរយៈផែនការនេះ នឹងចូលរួមក៏សាងការអភិវឌ្ឍន៍ខេត្តព្រៃវែងអោយរីកចម្រើន និងឈានទៅរកជនបទស៊ីវល័នៅឆ្នាំ២០៣០ ថែមទៀត៕