អូស្ត្រាលី ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា

ប្រទេសអូស្រ្តាលី បានប្ដេជ្ញាចិត្តនឹងជួយគាំទ្រដល់ការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសកម្ពុជា ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីជាមួយកម្ពុជា។ ការលើកឡើងនេះ ធ្វើឡើងតាមរយៈអញ្ជើញស្វាគមន៍ និងទទួលនូវសម្ភារៈវេជ្ជៈសាស្ត្រប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ពីនាវាចម្បាំងរបស់កង ទ័ពជើង ទឹកអូស្ត្រាលី HMAS Anac តំណាងដោយឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា ដែលប្រគល់ជូនក្នុងពេលតែមួយ ជូនរដ្ឋបាលខេត្តព្រះសីហនុ មូលដ្ឋានសមុទ្ររាម យោធភូមិភាគទី៤ និងយោធភូមិភាគទី៥កាលទី១៨ ខែតុលា ឆ្នាំ២០២១។

នាឪកាសនោះ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានថ្លែងអំណគុណដល់កម្ពុជា ដែលបានធ្វើឱ្យសកម្មភាព Indo-Pacific Endeavour ទទួលបានជោគជ័យ និងការគាំទ្រកិច្ចសហប្រតិបត្តិការទៅវិញទៅមកក្នុងការដោះស្រាយជំងឺកូវីដ-១៩។

លោកបានបន្តរថា ដំណើរទស្សនកិច្ចនេះ ពង្រឹងដល់ការប្ដេជ្ញាចិត្តរបស់ប្រទេសអូស្ត្រាលីក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសកម្ពុជា រួមមានការស្ដារសេដ្ឋកិច្ច និងសុខាភិបាលឡើងវិញពីជំងឺកូវីដ-១៩ និងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី។

ជុំវិញការលើកឡើងនេះ លោក គង់ វិតាណ: អភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា និងកងទ័ពជើងទឹកអូស្ត្រាលីទាំងអស់ដែលបាននាំយកអំណោយសម្ភារៈ វេជ្ជសាស្ត្រប្រឆាំងជំងឺកូវីដ-១៩ មកឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ យោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ដែលបង្ហាញពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា អូស្ត្រាលី និងជា ផ្នែកមួយនៃសកម្មភាពកិច្ចសហប្រតិបត្តិការជើងទឹកដ៏សំខាន់របស់ប្រទេសអូស្ត្រាលីនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឆ្នាំ ២០២១ សូមឱ្យចំណងសាមគ្គីភាពនេះកាន់តែមានភាពស្អិតរមួតបន្ថែមទៀត រវាងប្រទេសទាំងពីរ ប្រជាជននៃប្រទេសទាំងពីរ។

សូមជម្រាបជូនផងដែរថា នាវាចម្បាំងកងទ័ពជើងទឹកអូស្រ្តាលី ១គ្រឿងនេះ ឈ្មោះ HMAS ANZAC (FFH 150) បណ្តោយប្រវែង ១១៨ ម៉ែត្រ ទទឹង ១៤,៨ម៉ែត្រ ទម្ងន់ផ្ទុក ៣,៨១០ តោន មាននាវឹកចំនួន ១៥៨នាក់ ដឹកនាំដោយលោកឧត្តមនាវីត្រី Mal Wise មេបញ្ជាការ នាវាឥណ្ឌូ-ប៉ាស៊ីហ្វិក នៃកងទ័ពជើងទឹកអូស្ត្រាលី ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៨- ២០ ខែតុលា ឆ្នាំ២០២១។ ចំពោះសម្ភារៈ បរិក្ខារវេជ្ជសាស្ត្រចំនួន ១កេសធំ រួមមាន៖ ស្រោមដៃ (non-sterile) ចំនួន៦០ប្រអប់, ស្រោមដៃ (sterile) ចំនួន ១៧ ប្រអប់ ,បង់រុំរបួស ចំនួន ១៧០ ប្រអប់, ថាសពេទ្យចំនួន ១០ថាស ,ម៉ាសចំនួន ១៦៥ ប្រអប់៕