កម្ពុជា កំពុងពន្លឿនរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ

ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ កំពុងត្រូវបានភាគីពាក់ព័ន្ធ ប្រជុំពិនិត្យពិភាក្សា ដើម្បីច្បាប់នេះឲ្យបានឆាប់លេចចេញរូបរាង។

ឯកឧត្តមរដ្ឋលេខាធិការ ប៉ាល់ ចន្ទតារា ថ្លែងក្នុងឪកាស ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាបន្តលើការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា អង្គប្រជុំបានពិភាក្សារិះរកនិតិវិធីពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់នេះឱ្យមានសន្ទុះទៅមុខដោយរលូន ឆាប់លេចចេញរូបរាងប្រកបដោយភាពស៊ីសង្វាក់ ដោយរំពឹងថាសេចក្តីព្រាងច្បាប់នេះនឹងចូលរួមចំណែកក្នុងការទប់ស្កាត់ការបង្ហូរទឹកកខ្វក់ឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ស្របពេលសន្ទុះនៃការ អភិវឌ្ឍមានការកើនឡើងខ្លាំងផងដែរ។

គួរកត់សម្គាល់ថា៖ បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងឋិតក្នុងដំណាក់កាលរៀបចំសេចក្តីព្រាងច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូនេះជាលក្ខណៈផ្ទៃក្នុង ដោយចាប់ផ្តើមជជែកពិភាក្សានៅក្នុងក្រុមបច្ចេកទេសក្នុងក្រសួង ក្រោមកិច្ចសហការល្អពីទីភ្នាក់ងារសហប្រតិបត្តិការជាតិជប៉ុន(JICA) ហើយបន្ទាប់មកនឹងបន្តរៀបចំប្រជុំ និងទទួលធាតុចូលពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត។

សេចក្តីព្រាងច្បាប់នេះ នឹងត្រូវរៀបចំធ្វើយ៉ាងណាឱ្យមានលក្ខណៈអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដូចបណ្តាប្រទេសអភិវឌ្ឍន៍មួយចំនួន ដើម្បីគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ និងប្រព័ន្ធលូឱ្យបានល្អប្រសើរ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា៕