​ កម្ពុជា​ ​ប្រកាសលុបចោល​បម្រាម​ផ្អាក​ជា​បណ្តោះអាសន្ន​ ​នូវ​ជើង​ហោះហើរ​ពីប្រទេសចំនួន៣

រាជរដ្ឋាភិបាល​កម្ពុជា​ ​នៅ​មុននេះ​បន្តិច​ ​បាន​ចេញ​សេចក្តីប្រកាស​ ​សម្រេច​លុបចោល​បម្រាម​ ​ផ្អាក​ជា​បណ្តោះអាសន្ន​ ​នូវ​ជើង​ហោះហើរ​ត្រង់​ពី​ប្រទេស​ម៉ា​ឡេ​ស៉ី, ​ឥណ្ឌូ​នេ​ស៊ី​ ​និង​ហ្វីលីពីន​។​

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ ​របស់​​​ក្រសួងសុខាភិបាល​ ​បាន​សរសេរ​ថា​ ​«​យោង​តាម​ចំណារ​យល់ព្រម​ដ៏​ខ្ពង់ខ្ពស់​របស់​ ​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ចុះ​ថ្ងៃ​ទី​២​៣​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​១​ ​គណៈកម្មការ​អន្តរ​ក្រសួង​ ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១​៩​ ​សូម​ប្រកាស​លុបចោល​សេចក្តីប្រកាស​ព័ត៌មាន​លេខ​ ​១​៤​០​ ​ស​ខ​ល​ ​ដែលចុះកាល ​ថ្ងៃ​ទី​២​៥​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​០​ ​និង​លេខ​ ​១​៧​៥​ ​ស​ខ​ល​ ​ចុះ​ថ្ងៃ​ទី​១​១​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​០​ ​ស្តីពី​ការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ជើង​ហោះហើរ​ពី​ប្រទេស​ម៉ាឡេស៊ី​ ​ឥណ្ឌូ​នេ​ស៊ី​ ​និង​ហ្វីលីពីន​ ​មកកាន់​ព្រះរាជាណាចក្រកម្ពុជា​ ​ដើម្បី​ចូល​រួមចំណែក​កា​របើក​ដំណើរការ​ឡើងវិញ​ ​នូវ​សកម្មភាព​សេដ្ឋកិច្ច​ ​និង​សង្គម​ ​ជា​ជំហាន​ៗ​លើ​គ្រប់​វិ​​ស័​​​​​យ​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​ ​រួម​ទាំង​ការ​ស្តារ​ឡើងវិញ​ ​នូវ​វិ​ស័យ​ដឹកជញ្ជូន​តាម​ផ្លូវអាកាស​ ​និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិ​ស័យ​នេះ​ ​ដែល​នឹង​ចូលជាធរមាន​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ​»​។​

​​​​​​​​​​​​​​​​​​​​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​ថ្លែង​យ៉ាង​ដូច្នេះ​ថា​ ​«​ត្រូវ​ពិនិត្យមើល​អំពី​លទ្ធភាព​នៃ​កា​របើក​ឡើងវិញ​ ​នូវ​ផ្លូវអាកាស​ជាមួយនឹង​កូឡា​ឡាំ​ពួរ​ ហ្សា​កា​តា​ ​ឬ​ចំណុច​ណាមួយ​នៃ​ឥណ្ឌូ​នេ​ស៊ី​ ​និង​ហ្វីលីពីន​ ​មក​កម្ពុជា​វិញ​ផង​ដែរ​ ​ដែល​យើង​បាន​ធ្វើការ​គ្រប់គ្រង​ល្អ​ហើយ​ ​សម្រាប់​ព្រ​លាន​យន្តហោះ​របស់យើង​ ​ហើយ​យើង​ក៏បាន​កាត់បន្ថយ​ចំនួន​ពេលវេលា​ ​នៃ​ការ​ធ្វើ​ច​ត្តាឡី​ស័ក​ដែល​អាច​ជា​ផ្នែក​នៃ​ការ​ទាក់ទាញ​ ​ដែល​អាច​ឈាន​ដល់​ការរៀបចំ​បើក​ឡើងវិញ​ ​នូវ​ទេសចរណ៍​សុវត្ថិភាព​ ​ឬ​ទេសចរណ៍​វ៉ាក់សាំង​»​។​

​គួរ​ជម្រាប​ជូន​ថា​ ​រាជរដ្ឋាភិបាល​ ​បាន​បន្ធូរបន្ថយ​ ​រយៈពេល​ការ​ធ្វើ​ច​ត្តាឡី​ស័ក​ ​សម្រាប់​អ្នកដំណើរ​ចូល​កម្ពុជា​ ​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​រួច​ ​ដោយ​តម្រូវ​ឱ្យ​អនុវត្ត​របប​ច​ត្តាឡី​ស័ក​ចំនួន​ ​៣​ថ្ងៃ​ ​ចំពោះ​វិនិ​យោគិន​ ​បុគ្គលិក​ជំនាញ​បច្ចេកទេស​ទាំង​ជន​ជាតិខ្មែរ​ ​និង​បរទេស​ ​មន្ត្រី​ការទូត​ ​មន្ត្រី​អនុវត្ត​គម្រោង​សហប្រតិបត្តិការ​ផ្លូវការ​ ​និង​មន្ត្រី​រាជការ​របស់​រាជរដ្ឋាភិបាល​ ​ដែល​ត្រលប់​មកពី​បំពេញបេសកកម្ម​នៅ​ក្រៅ​ប្រទេស​ ​ខណៈ​អ្នកដំណើរ​ទូទៅ​ដែល​ជា​ជន​ជាតិខ្មែរ​ ​ឬ​ជនបរទេស​ ​ត្រូវ​អនុវត្ត​របប​ច​ត្តាឡី​ស័ក​ចំនួន​៧​ថ្ងៃ​។​ ​ដោយឡែក​ត្រូវ​អនុវត្ត​របប​ច​ត្តាឡី​ស័ក​ចំនួន​ ​១​៤​ថ្ងៃ​ ​ចំពោះ​អ្នកដំណើរ​គ្រប់​ប្រភេទ​ ​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​កូវ​ដី​១​៩​ ​ឬ​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន​ ​បាន​ពេញលេញ​៕