សូមប្រយ័ត្ន! រាជធានីខេត្តចំនួន១៤ នឹងប្រឈមជំនន់ទឹកភ្លៀងចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២ ខែវិច្ឆិកា

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរាជធានីខេត្តចំនួន១៤របស់កម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ក្នុងសប្តាហ៍ខាងមុខ (ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា) ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលជាបន្តបន្ទាប់៖ ពីថ្ងៃទី២៧-២៨ ខែតុលា ឥទ្ធិពលពីសម្ពាធទាប និងពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់។

នៅថ្ងៃទី២៧-២៨ ខែតុលា អាចនឹងមានភ្លៀងក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំខ្យល់កន្ត្រាក់ ដែលអាចបង្កជាជំនន់ទឹកភ្លៀង មានជាអាទិ៍ខេត្ត ៖ ព្រៃវែង , ស្វាយរៀង , កណ្តាល , តាកែវ , កំពង់ស្ពឺ, កំពង់ឆ្នាំង , ពោធិ៍សាត់ និងរាជធានីភ្នំពេញ ។ បន្ទាប់ពីនោះ ភ្លៀងអាចនឹងបន្តធ្លាក់ក្នុងកម្រិត ពីខ្សោយ ទៅមធ្យមតែប៉ុណ្ណោះ។

ដោយឡែក នៅថ្ងៃទី២៧-២៨ ខែតុលា នេះដែរ ក៏អាចនឹងមានភ្លៀងក្នុងកម្រិតពីបង្គរទៅខ្លាំង លាយឡំខ្យល់កន្ត្រាក់ អាចបង្កជាជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រខេត្ត៖ មណ្ឌលគីរី , ត្បូងឃ្មុំ និងកំពង់ចាម ។ បន្ទាប់ពីនោះ ភ្លៀងអាចនឹងបន្តធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមតែប៉ុណ្ណោះ។

ចំពោះតំបន់មាត់សមុទ្រវិញ អាចនឹងមានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C អាចនឹងមានភ្លៀងក្នុងកម្រិតពីមធ្យមទៅខ្លាំង លាយឡំខ្យល់កន្ត្រាក់ អាចបង្កជាជំនន់ទឹកភ្លៀងក្នុង ភូមិសាស្ត្រខេត្តកំពត ខេត្តកោះកុង និងខេត្តព្រះសីហនុ។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រខ្ពស់ បន្ទាប់ពីនោះ ភ្លៀងនឹងធ្លាក់ចុះក្នុងកម្រិត ពីខ្សោយទៅមធ្យមតែប៉ុណ្ណោះ។

ជាមួយគ្នានេះ ក្រសួងធនធានទឹកបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានជាយថាហេតុ៕