អាជ្ញាធរភ្នំពេញ បញ្ជាខណ្ឌទាំង១៤អនុវត្តម៉ឺងម៉ាត់បំផុត លើការហាមមិនឲ្យបើកខារ៉ាអូខេនិងក្លឹបកំសាន្ត

អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤និងកម្លាំងប្រដាប់អាវុធ អនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជុំវិញការហាមមិនឲ្យបើកខារ៉ាអូខេនិងក្លឹបកំសាន្តនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បើទោះបីអាហារដ្ឋាន ប៊ៀហ្គាឌិនត្រូវបានបើកឱ្យដំណើរការជាប្រក្រតីឡើងវិញក៏ដោយ។

ការដាក់នូវបទបញ្ជាបាននេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្ដីពី ការជំរុញការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ ជូនពលរដ្ឋភ្នំពេញ កាលថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២១។

នាឪកាសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា រាជរដ្ឋាភិបាលបានបើកប្រទេសឲ្យដំណើរការឡើងវិញលើគ្រប់វិស័យហើយ ប៉ុន្តែចំពោះក្លឹបកំសាន្តនិងខារ៉ាអូខេគឺមិនអនុញ្ញាតឲ្យបើកដំណើរការនោះទេ ពោលគឺអោយបើកដំណើរការតែភោជនីយដ្ឋាននិងបៀរហ្គាឌិន ប៉ុណ្ណោះ។ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤នឹងកងកម្លាំងពាក់ព័ន្ធត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតចំពោះការលួចបើកក្លឹបកម្សាន្តនិងខារ៉ាអូខេ ដោយសារទីតាំងពីរនេះ មានហានិភ័យខ្ពស់បំផុតនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ លោក ឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌពិសេស មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវរៀបចំ អនុវត្តការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះអោយបានល្អ ខណៈដែលពួកគាត់ទៅទទួលការចាក់វ៉ាក់សាំង។

ជាមួយនឹងការដាក់ឲ្យដំណើរការប្រទេសឡើងវិញនេះ លោក ឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌកងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អប្រសើរផងដែរ ពិសេស ការរៀបចំចិញ្ចើមផ្លូវ ការគ្រប់គ្រង ការទុកដាក់សំរាមអោយបានល្អ ព្រោះការបើកឲ្យដំណើរការប្រទេសឡើងវិញ វានឹងធ្វើចរាចរណ៍កកស្ទះដូចធម្មតាឡើងវិញ ដែលនេះ ជាបញ្ហាប្រឈមដែលយើងត្រូវដោះស្រាយ អោយបានល្អប្រសើរ៕