រដ្ឋ កំពុងពន្លឿនសេចក្តីព្រាងអនុក្រឹត្យការគ្រប់គ្រងដីចំណីផ្លូវនៅតាមបណ្តោយផ្លូវថ្នល់ និងផ្លូវរថភ្លើង

ក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងដីចំណីផ្លូវនៅតាមបណ្តោយផ្លូវថ្នល់ និងផ្លូវរថភ្លើង ដើម្បីឈានទៅដំណើរការអនុវត្តន៍ឆាប់ៗនេះ។

លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារ បានឲ្យដឹងថា កិច្ចប្រជុំក្រុមការងារពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់ គ្រងលើកិច្ចការប្រើប្រាស់ដីចំណីផ្លូវ នៅតាមបណ្តោយផ្លូវ និងផ្លូវរថភ្លើង មានការចូលរួមមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធមកពី អង្គភាពក្រោមឱវាទក្រសួង ដើម្បីប្រមូលធាតុចូលបន្ថែមសម្រាប់បំពេញបន្ថែមចំណុចខ្វះខាត សំដៅធ្វើ យ៉ាងណាឱ្យការរៀបចំសេចក្ដីព្រាងអនុក្រឹត្យនេះមានខ្លឹមសារច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។

ជាកិច្ចចាប់ផ្តើម ក្រុមលេខាធិការដ្ឋាន បានរាយការណ៍អំពីការងាររៀបចំ និងចំនុចមួយចំនួនដែលបាន ឯកភាពគ្នាកាលពីកិច្ចប្រជុំលើកមុន ក្នុងនោះរួមមានការដាក់បញ្ចូលក្នុងសេចក្តីយោងទាក់ទងទៅនឹងអនុក្រឹត្យពាក់ព័ន្ធចំនួន៥ (ការបង្កើតអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ការដំឡើងវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន អនុក្រឹត្យលេខ១៨១ ១៨២ និង១៨៣) ការឯកភាពលើមាត្រា១(ថ្មី)។

បន្ទាប់មក អង្គប្រជុំបានចាប់ផ្តើមពិនិត្យពិភាក្សាលើមាត្រាទី២(ថ្មី)។ ដោយពិនិត្យឃើញថាមានសំណើសុំ កែប្រែទាំងស្រុងលើមាត្រា២(ថ្មី)និងមាត្រាបន្តបន្តាប់ទៀត អង្គប្រជុំក៏បានឯកភាពឱ្យក្រុមលេខាធិការដ្ឋាន ពិនិត្យសំណើសុំកែប្រែទៅតាមមាត្រានីមួយៗ បញ្ចូលគ្នាជាសេចក្តីព្រាងមាត្រាថ្មីសិន ទើបស្នើដាក់ចូល ក្នុងកិច្ចប្រជុំគណៈកម្មការជាក្រោយ។

ជាមួយគ្នានោះផងដែរ អង្គប្រជុំក៏បានពិភាក្សាផងដែរលើនីតិវិធីថ្មី ដែលជូនដំណឹងដោយក្រុមប្រឹក្សាអ្នក ច្បាប់ទីស្តីការគណៈរដ្ឋមន្រ្តីស្នើឱ្យមានតំណាងក្រុមអ្នកច្បាប់ចូលរួមពិភាក្សា និងរៀបចំសេចក្តីព្រាងច្បាប់ពីដើមដំបូង។ អង្គប្រជុំបានផ្អាកការងាររបស់ខ្លួននៅវេលាម៉ាង១០ព្រឹក និងស្នើឱ្យលេខាធិការដ្ឋាន នៅធ្វើការងារជាបន្តទៅទៀត៕