អគារទីស្តីការក្រសួងរៀបចំដែនដីថ្មី ប្រកាសដាក់សម្ពោធជាផ្លូវការ ក្រោមវត្តមាន សម្តេច ហ៊ុន សែន

អគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ថ្មី បានប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយកាលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១  ក្រោមការអញ្ជើញជាអធិបតីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា។

គួរបញ្ជាក់ថា អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ មានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាប៉ែកខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ ត្រូវបានប្រារព្ធពិធីបើការដ្ឋានសាងសង់នៅថ្ងៃទី២៨  ខែមករា  ឆ្នាំ ២០២០  តាមលិខិតអនុញ្ញាតសាងសង់ និងប្លង់ស្ថាបត្យកម្មលេខ ០៦៨ ដនស/អដន ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់លេខ ០០៩ អសណ/នសណ ចុះថ្ងៃទី២៧ ខែ មករា ឆ្នាំ២០២០។

អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ សាងសង់នៅលើផ្ទៃដីទំហំ ៤,៥ ហិកតា មានទំហំតួអគារបណ្ដោយប្រវែង ១៣២,៧ ម៉ែត្រ និងទទឹងប្រវែង៩៤,៧ម៉ែត្រ ចំនួន៨ ជាន់ មានកម្ពស់សរុបពីទ្រនាប់ខ្សាច់ ដល់ចុងកំពូលបុស្បុក៨៨,៥ ម៉ែត្រ ដែលក្នុងនោះមានកម្ពស់បុស្បុក ៣៣, ២៨ ម៉ែត្រ មានក្រឡាផ្ទៃបាតអគារ ១១ ១២៨ ម៉ែត្រការ៉េ ក្រឡាផ្ទៃសំណង់ ៦១ ៦៤២ ម៉ែត្រការ៉េ ក្រឡាផ្ទៃប្រើប្រាស់ សរុប ចំនួន ៣១ ៤០៨ ម៉ែត្រការ៉េ មានផលធៀបក្រឡាផ្ទៃបាត ៣៧,០៩ % សួនជ្រាបទឹក ៣០% និងមានសន្ទស្សន៍ប្រើប្រាស់ ១.០៤ មានចំណតរថយន្តប្រមាណ ៤៥០ គ្រឿង និងចំណតទោចក្រយានយន្តជាច្រើនគ្រឿងទៀត។

ការរៀបចំការិយាល័យធ្វើការផ្អែកទៅតាមមុខងារ និងតួនាទីប្រើប្រាស់ ដែលក្នុងនោះនៅជាន់ផ្ទាល់ដី មានសាលបដិសណ្ឋារកិច្ច អាហារដ្ឋាន ឃ្លាំង បណ្ណាល័យ មជ្ឈមណ្ឌលបណ្ឌុះបណ្តាល ការិយាល័យច្រកចេញចូលតែមួយ និងសួនផ្ការំដួលជាដើម។

អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានរដ្ឋាបាលចាត់ទុកថា គឺជាសមិទ្ធផលមួយ ដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកម្ពស់តម្លៃស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទនភាពសម្រាប់ជាតិផងដែរ៕