ក្រសួង ឲ្យរាជធានី-ខេត្តត្រៀមបើកខារ៉ាអូខេ ក្លឹបកម្សាន្តឡើងវិញនៅក្រោយថ្ងៃទី៣០ខែវិច្ឆិកា

ក្រសួងទេសចរណ៍ កាលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ បានប្រាប់ដល់ អភិបាលរាជធានី-ខេត្ត ទាំងអស់អំពីការត្រៀមបើកខារ៉ាអូខេ ក្លឹបកម្សាន្តឡើងវិញនៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

តាមលិខិតរបស់ក្រសួងទេសចរណ៍បញ្ជាក់ឱ្យដឹងថា ក្រសួងទេសចរណ៍ក៏បានដាក់ចេញនូវប្រកាសស្តីពីការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) សម្រាប់អាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីត្រៀមរៀបចំបើកដំណើរការអាជីវកម្មឡើងវិញ នៅពេលដែលរាជរដ្ឋាភិបាលអនុញ្ញាតនៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនោះ។

នៅក្នុងប្រកាសនេះដែរ ក្រសួងទេសចរណ៍បានដាក់ចេញនូវការណែនាំមួយចំនួនដូចខាងក្រោម៖

* ដំណាក់កាលទី១៖ ការត្រៀមលក្ខណៈមុនការបើកដំណើរការឡើងវិញ

១៖ ត្រូវត្រួតពិនិត្យ និងវាយតម្លៃឱ្យបានហ្មត់ចត់នូវការត្រៀមលក្ខណៈសម្បត្តិ សម្បទា និងការអនុវត្តរបស់អាជីវកម្ម មុននឹងសម្រេចអនុញ្ញាតឱ្យអាជីវកម្មណាមួយបើកដំណើរការ ដោយត្រូវជូនដំណឹងដល់ប្រតិបត្តិករជាមុន ដើម្បីឱ្យប្រតិបត្តិករដាក់ពាក្យស្នើសុំដំណើរការអាជីវកម្មខារ៉ាអូខេ KTV ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក។

២៖ ត្រូវបណ្តុះបណ្តាលឱ្យបានហ្មត់ចត់ដល់ម្ចាស់អាជីវកម្ម និងបុគ្គលិកនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក។

* ដំណាក់កាលទី២៖ ក្រោយការសម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ

១៖ រដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំយន្តការដើម្បីបន្តការត្រួតពិនិត្យជាប្រចាំ និងឱ្យបានហ្មត់ចត់លើការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក ក្រោយពេលសម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ។

២៖ ក្នុងករណីដែលម្ចាស់អាជីវកម្មមិនបានអនុវត្តត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក រដ្ឋបាលរាជធានី-ខេត្តត្រូវចាត់វិធានការនានាបន្ថែម ដោយតម្រូវឱ្យបិទអាជីវកម្ម និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕