អាជ្ញាធរខេត្តកណ្ដាល ថាការផ្តល់សេវារដ្ឋបាលក្រៅពីការិយាល័យច្រកចេញចូលតែមួយ ជាអំពើខុសច្បាប់

អាជ្ញាធរខេត្តកណ្ដាល បានចាត់ទុក ការផ្តល់សេវារដ្ឋបាល និងការយកកម្រៃសេវារដ្ឋបាល ស្ថិតក្រោមដែនសមត្ថកិច្ច របស់រដ្ឋបាលក្រុង-ស្រុក ទាំងឡាយណា ដែលធ្វើឡើងក្រៅការិយាល័យ ច្រកចេញចូលតែមួយ គឺជាអំពើខុសច្បាប់។

នេះជាការលើកឡើងរបស់ ឯកឧត្ដម គង់ សោភ័ណ្ឌ ក្នុងពិធីសម្ភោធដាក់ឱ្យដំណើរការ អគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាល ស្រុកលើកដែក នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកអភិបាលខេត្ត គូសបញ្ជាក់ថា ៖ការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ តាមការិយាល័យច្រកចេញចូលតែមួយមានន័យថា ទទួលពាក្យនៅច្រក និងការផ្តល់លទ្ធផលសម្រេច ជូនអ្នកស្នើសុំសេវាវិញក៏តាមច្រកដែរ។ ហើយត្រូវជៀសវាងឱ្យបានដាច់ខាតនូវ ការផ្ដល់សេវា ដែលមានការយឺតយ៉ាវ ទាំងការ ផ្តល់សេវា និងការបញ្ជូនតាម ប្រព័ន្ធកុំព្យូទ័រជាដើម។

លោកបន្ថែមថា៖ ការិយាល័យច្រកចេញចូលតែមួយ មិនគ្រាន់តែជាកន្លែងប្រមូលផ្ដុំ ប្រភេទសេវារដ្ឋបាល ឱ្យនៅកន្លែងតែមួយ ប៉ុណ្ណោះទេ ប៉ុន្តែ វាមានតួនាទីសំខាន់ណាស់ ក្នុងការលើកកម្ពស់ គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព នៃការផ្តល់ សេវារដ្ឋបាល ថ្នាក់ក្រោមជាតិ ទៀតផង។.

លោក ក៏បានណែនាំរដ្ឋបាលស្រុក ខិតខំបំពេញការងារតាមតួនាទី ភារកិច្ចរបស់ខ្លួន បន្តទៀត ពិសេសការលើកម្ពស់គុណភាព តម្លាភាព និងគណនេយ្យភាព ការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីក ចម្រើន ស្របតាមគោលការណ៍នៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅរដ្ឋបាលថ្នាក់ក្រោមជាតិ៕