សម្ដេច ហ៊ុន សែន ផ្ដល់ថវិកាជាង៣លានដុល្លារបន្ថែមទៀត សម្រាប់តភ្ជាប់បណ្ដាញលូនៅសៀមរាប

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានផ្ដល់វិកាចំនួន៣លាន៨សែនដុល្លារអាមេរិកបន្ថែមទៀតសម្រាប់​គម្រោងតភ្ជាប់បណ្ដាញលូរទឹកភ្លៀង និងទឹកក្វក់ ចូលប្រព័ន្ធលូររដ្ឋ របស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវ៣៨ខ្សែនោះ ដែលប្រជាពលរដ្ឋមិនត្រូវចំណាយថវិកាខ្លួនឯងនោះទេ ។

នេះបើយោងតាមប្រសាសន៍ សម្ដេច ទៀ​ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ថ្លែងនៅក្នុងសន្នីសីទសារព័ត៌មានមួយ នៅខេត្ដសៀមរាប កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

សម្ដេច ទៀ បាញ់ មានប្រសាសន៍ទៀតថា ប្រព័ន្ធលូទឹកភ្លៀងនិងទឹកកក្វក់ មានចំនួនប្រមាណជាង១ម៉ឺន២ពាន់កន្លែង ដែលនៅតាមសងខាងគម្រោងផ្លូវចំនួន៣៨ខ្សែ និងចំណរថយន្ដមានប្រវែងជាង២ពាន់ម៉ែត្រ ហើយគម្រោងថវិកាសម្ដេចតេជោនាយករដ្ឋមន្ដ្រី នៃកម្ពុជានាពេលនេះ  គឺជាចំណងដៃថ្មីមួយទៀតសម្រាប់អ្នកខេត្ដសៀមរាប បន្ទាប់ពីគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ។សម្តេច បន្ថែមទៀតថា សមិទ្ធផលទាំងអស់នេះ នឹងប្រែក្លាយក្រុងសៀមរាបនេះឱ្យក្លាយទៅជាទីក្រុងដ៏ទំនើប ពោរពេញដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ។

គួររំលឹកថា គម្រោងសាងសង់ផ្លូវហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩.២១៦.៥៩៥ ដុល្លារអាមេរិក ក្នុងនោះចំនួន៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ហើយគិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដំណើរការស្ថាបនាផ្លូវទាំង៣៨ខ្សែ  សម្រេចបាន ៨៩,៣៩ភាគរយហើយ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១ ៕