ក្រសួង កំពុងពន្លឿនគម្រោងផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ឱ្យចប់មុនថ្ងៃទីថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២១

ក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១  បានកោះប្រជុំបន្ទាន់ ដើម្បីជំរុញឱ្យអង្គភាពសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស និងមន្ត្រីជំនាញបច្ចេកទេស ពន្លឿនគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ឱ្យបានចប់មុនថ្ងៃទីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។

លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កិច្ចប្រជុំបន្ទាន់នេះ ដើម្បីពន្លឿនការអនុវត្តគម្រោងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ឱ្យបានចប់សព្វគ្រប់តាមផែនការដែលបានគ្រោងទុកនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដោយមានការចូលរួមពីអង្គភាពសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំបន្ទាន់នាឱកាសនេះ លោកបានជំរុញឱ្យអង្គភាពសាងសង់ខិតខំប្រឹង ប្រែងពន្លឿនការងារ ដែលនៅសេសសល់មួយចំនួនរបស់ខ្លួនរួមមាន៖ ការងារអ៊ុតកៅស៊ូ ការងារត បណ្ដាញលូទឹកភ្លៀង និងលូទឹកកខ្វក់ពីខ្នងផ្ទះប្រជាពលរដ្ឋមកប្រព័ន្ធលូមេចំនួន១២២៩៩តំណ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ការសាងសង់ចំណតរថយន្តដោយប្រើប្រាស់បេតុងសរសៃដែកកម្រាស់១៥សង់ទីម៉ែត្រ ការងាររៀបខឿនចិញ្ចើមផ្លូវ និងការងារមួយចំនួនផ្សេងទៀត ដើម្បីឱ្យគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែបញ្ចប់តាមការគ្រោងទុក និងបានស្នើឱ្យក្រុមហ៊ុនផ្តត់ផ្គង់សម្ភារ:ដូចជា៖ ថ្ម កៅស៊ូ និងសម្ភារៈចាំបាច់ផ្សេងទៀតជូនអង្គភាពអនុវត្តគម្រោងឱ្យបានត្រឹមត្រូវ តាមស្តង់ដាដែលបានកំណត់។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹង ថា៖ វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបនេះ គិត ត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឬរយៈពេលជាង ១១ខែ សម្រេចបាន៨៩,៣៩%នៃទំហំការងារសរុប (២% លឿនជាងផែនការធៀបនឹងរយៈពេលសាងសង់)៕