កម្ពុជា-ចិន ដាក់ឈ្មោះស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ជាស្ពានភ្ជាប់និស្ស័យ

កាលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ។

នាឪកាសនោះ សម្តេច ហ៊ុន សែន ពិតជាមានសេចក្តីរីករាយដែលបានអញ្ចើញចូលរួមក្នុងសម្ពោធស្ពានមិត្តភាពកម្ពុជាចិនស្ទឹងត្រង់ នឹងបើកការដ្ឋានសាងសង់ផ្លូវជាតិ៧១C នាពេលនេះ។ នៅថ្ងៃនេះ សម្ដេច បានបន្ថែមឈ្មោះស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មា នេះថាជា “ស្ពានភ្ជាប់និស្ស័យ”  ដែលមានន័យទូលំទូលាយ គឺជាភ្ជាប់និស្ស័យរវាងកម្ពុជា និងចិន ។

សម្តេចថា ជាការភ្ជាប់និស្ស័យរវាងប្រជាពលរដ្ឋនៃទឹកដីនៃស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅទឹកដីនៃស្រុកក្រូចឆ្មារ នៃខេត្តត្បូងឃ្មុំ និងមួយទៀតគឺភ្ជាប់និស្ស័យរវាងរូបសម្តេចផ្ទាល់ជាមួយនឹងឧត្ដមភរិយារបស់សម្តេច ដែលសម្តេចមានស្រុកកំណើតនៅស្រុកស្ទឹងត្រង់ ឯសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត មានស្រុកកំណើតនៅស្រុកក្រូចឆ្មារផងដែរ។

ជាមួយគ្នានោះ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានបង្ហាញថាកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជាទទួលបានសមិទ្ធផលផ្លែផ្កាថ្មីៗឥតឈប់ឈរ។ លោកថា ចិនតែងមានសុភាសិតមួយពោលថា ” ចង់ឆ្លងទន្លេត្រូវសង់ស្ពានជាមុន ” ។ លោកក៏បានឲ្យដឹងថា ភាគីចិនបានផ្តល់ជំនួយសាងសង់ស្ពានជាបន្តបន្ទាប់ជូនកម្ពុជាចាប់តាំងពីឆ្នាំ២០០៧ រហូតមកដល់បច្ចុប្បន្ននេះមានសស្ពានឆ្លងកាត់ទន្លេចំនួនសរុប៨ ហើយស្ពាននីមួយៗមិនត្រឹមតែតភ្ជាប់បណ្ដាទីកន្លែងក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្សារភ្ជាប់បេះដូងនៃប្រជាជនទាំងពីរយ៉ាងស្អិតរមួត វាបានក្លាយជាស្ពានចំណងមិត្តភាកម្ពុជា និងចិនយ៉ាងពិតប្រាកដ។

គួរបញ្ជាក់ថា ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ចាប់ផ្តើមនៅត្រង់គីឡូម៉ែត្រលេខ៥៨+២០០ ត្រើយខាងលិច ស្ថិតលើផ្លូវខេត្តលេខ២៧១៤ នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គ នៅចំណុចភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

តួស្ពានមានប្រវែង ១,១៣១ម៉ែត្រ ទទឹង ១៣.៥ម៉ែត្រ ក្រាលបេតុងកៅស៊ូកម្រាស់ ៥សង់ទីម៉ែត្រ មានផ្លូវរថយន្តចំនួន ២គន្លង ផ្លូវម៉ូតូចំនួន ២គន្លង ផ្លូវថ្មើរជើងចំនួន ២គន្លង សម្រាប់ទៅមក។ ផ្លូវមេសងខាងស្ពាន តភ្ជាប់ទៅផ្លូវជាតិលេខ៧១C មានប្រវែង ៨.៣២៣ ម៉ែត្រ។ សរុបរួមទាំងស្ពាន និងផ្លូវតភ្ជាប់មានប្រវែងសរុប ៩,៤៥៤ម៉ែត្រ។ ស្ពាន និងផ្លូវតភ្ជាប់នេះ ត្រូវបានចំណាយពេលសាងសង់ ៤២ខែ ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ចំណាយថវិកាជិត ៥៧លានដុល្លារអាមេរិក៕