កម្ពុជា សង់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ ក្រាលកៅស៊ូ និងបេតុងសរុបបានប្រវែង១៥.០០០គីឡូម៉ែត្រ

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ  និងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា រហូតមកដល់ពេលនេះ កម្ពុជា សង់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ ក្រាលកៅស៊ូ និងបេតុងសរុបបានប្រវែង១៥.០០០គីឡូម៉ែត្រហើយ។

នាឪកាសនោះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងតាមរយៈរបាយការណ៍ថា រហូតមកដល់ពេលនេះ កម្ពុជាបានសាងសង់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ ក្រាលកៅស៊ូ និងបេតុងសរុបប្រវែងប្រមាណ១៥.០០០គីឡូម៉ែត្រហើយ។

ដោយក្នុងនោះ លោកបញ្ជាក់ថា មាន៖ ស្ពានធំៗចំនួន២០ លើកកម្រិតព្រលានយន្តហោះឱ្យមានលក្ខណៈស្តង់ដារអន្តរជាតិចំនួន៣ និងកំពុងសាងសង់ព្រលានយន្តហោះស្តង់ដាអន្តរជាតិ៣បន្ថែមទៀត នៅខេត្តសៀមរាប ខេត្តកោះកុង និងរាជធានីភ្នំពេញ លើកកម្រិតកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុឱ្យមានលក្ខណៈស្តង់ដាអន្តរជាតិ បានស្តារផ្លូវដែក ភាគខាងជើង និងភាគខាងត្បូងឡើងវិញ និងកំពុងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ព្រមទាំងសមិទ្ធផលផ្សេងៗជាច្រើនទៀតពាសពេញផ្ទៃប្រទេស ក្រោមម្លប់សន្តិភាព។

ឆ្លៀតឪកាសនោះ លោកក៏ស្នើប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់ គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេស កុំដឹកជញ្ជូនលើសទម្ងន់ ធ្វើឱ្យផ្លូវឆាប់ខូចផង ដើម្បីរួមចំណែកថែទាំផ្លូវថ្នល់របស់យើង៕