សម្តេច៖កូវីដ-១៩ ធ្វើឲ្យកម្ពុជាចំាណាយថវិកាជាង២,៣០០លានដុល្លារ ឬស្មើនឹងការសាងសង់ស្ពានបាន២០ខ្សែ

ការរាតត្បាតជំងឺកូវីដ-១៩​ ប្រមាណជាជិត២ឆ្នាំមកនេះ បានធ្វើឲ្យកម្ពុជាចំណាយថវិកាជាង២,៣០០លានដុល្លារ ឬខាតបង់ថវិកាស្មើនឹងការសាងសង់ស្ពានបាន២០ខ្សែ។នេះបើការឲ្យដឹងរបស់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ «71C» កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

នាឪកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងបន្ថែមថា «ដោយសារតែស្ថានភាពជំងឺកូវីដ-១៩​ រីករាលដាលនៅទូទាំងប្រទេសអស់រយៈពេលប្រមាណជាជិត២ឆ្នាំមកនេះ បានធ្វើឲ្យកម្ពុជាចំណាយថវិកាជាង២,៣០០លានដុល្លារដើម្បីចំណាយលើការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងចំណោយផ្សេងៗដែលចំនួនទឹកប្រាក់នេះវាស្មើនឹងការចំណាយលើការសាងសង់ស្ពានបានចំនួន២០ខ្សែឯណោះ»។

យ៉ាងណា សម្តេចនៅតែចាត់ទុថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាក្តីសង្ឃឹមធំសម្រាប់សម្តេចក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។បន្ថែមពីនេះ សម្ដេចគ្រោងនឹងដាក់ចេញយុទ្ធសាស្រ្ត ដោយសម្ដេចចង់ចំណាយប្រមាណ ២/៣ នៃថវិកាជាតិសរុប ៣,៥ពាន់លានដុល្លារ ដើម្បីធ្វើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាថែមទៀត។

ឆ្លៀតឪកាសនោះផងដែរ សម្តេចក៏បានថ្លែងថា ណើនសេដ្ឋកិច្ចរបស់កម្ពុជាឆ្នាំ២០២១ អាចនឹងមានការកើនឡើង ក្រោយកម្ពុជាបើកប្រទេសឡើងវិញផងដែរ។ ក្នុងនោះ សម្តេច បានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ អាចសម្រេចបានក្នុងរង្វង់ជិត៣ភាគរយ ហើយនៅឆ្នាំក្រោយអាចរង្វង់៥ភាគរយ៕