អគារថ្មី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងបញ្ចប់សាងសង់ឆាប់ៗនេះ

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ ឧត្តមសេនីយ៍ឯក ស ថេត កាលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានបង្ហាញនូវប្លង់គំរូ នៃអគារថ្មីរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលកំពុងធ្វើការសាងសង់នៅលើទីតាំងចាស់ ខណៈគ្រោងនឹងបញ្ចប់ការសាងសង់នៅពេលខាងមុខនេះផងដែរ។

អគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានទីតាំងនៅតាមបណ្តោយផ្លូវ​៥៩៨​ ស្ថិតក្នុងខណ្ឌឬស្សីកែវ​។ ស្របពេលដែលអគារថ្មី មានលក្ខណៈធំនិងទំនើប ដែលនឹងបញ្ចប់ការសាងសង់នៅពេលខាងមុខនេះ ឧត្តមសេនីយ៍ឯក ស ថេត បានផ្តាំផ្ញើរដល់កងកម្លាំងនគរបាល ថា “មានទីកន្លែងធ្វើការថ្មី ស្អាត និងទំនើបហើយ សូមមន្ត្រីទាំងអស់ពង្រឹងប្រសិទ្ធភាពការងារឱ្យបានកាន់តែល្អ ជាពិសេសបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងថែមទៀត”៕