​អាជ្ញាធរ​ ឲ្យ​​បើក​ដំណើរការ​អាជីវកម្ម​ ខា​រ៉ា​អូខេ​ ​រង្គសាល​ ​និង​ឌី​ស្កូ​តែ​ក​ ​ឡើងវិញ

រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​ចេញ​សេចក្តី​សម្រេច​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​ចំពោះ​អាជីវកម្ម​ ខា​រ៉ា​អូខេ​ ​រង្គសាល​ ​និង​ឌី​ស្កូ​តែ​ក​ ​ចាប់ពី​ថ្ងៃ​ទី​៣​០​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​នេះ​ត​ទៅតាម​គន្លង​ប្រក្រតី​ភាព​ថ្មី​។​

ក្នុង​សេចក្ដី​សម្រេច​នេះ​ ​គឺ​តម្រូវ​ឱ្យ​ម្ចាស់​ទីតាំង​ ​ឬ​ម្ចាស់​អាជីវកម្ម​ខា​រ៉ា​អូខេ​ ​រង្គសាល​ ​និង​ឌី​ស្កូ​តែ​ក​ ​ចាំបាច់​មាន​កាតព្វកិច្ច​ចាត់តាំង​បុគ្គលិក​ប្រចាំការ​នៅមុខ​ច្រកចេញ​ចូល​ទីតាំង​ ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ប​ណ្ណ​ចាក់​វាំក់​សាំង​ ​ស្របតាម​សេចក្ដីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​និង​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ​សុវត្ថិភាព​របស់​​​ក្រសួង​ទេសចរណ៍​ ​គោលការណ៍​ណែនាំ​របស់​​​ក្រសួង​-​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ ​និង​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ ​ដោយ​ការ​វាស់​ក​ម្ដៅ ​ការ​ធ្វើ​អនាម័យ​ ​និង​ការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជាដើម​។​

តាមរយៈ​សេចក្ដី​សម្រេច​នេះ​ ​បាន​ប្រគល់​ភារកិច្ច​ជូន​គណៈ​បញ្ជាការ​​​ដឹកនាំ​ការ​អនុវត្ត​ច្បាប់​នៅ​ថ្នាក់​រាជធានី​ភ្នំពេញ​ ​រដ្ឋបាល​ខណ្ឌ​ទាំង​១​៤​ ​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​ ​មន្ទីរ​សុខាភិបាល​ ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​និង​មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​រដ្ឋបាល​ ​រាជធានី​ភ្នំពេញ​ ​ដើម្បី​សហការ​ចុះ​ណែនាំ​ ​និង​ត្រួតពិនិត្យ​ ​ដូច​មាន​ចែង​ក្នុង​ខ្លឹមសារ​នៃ​សេចក្ដី​សម្រេច​នេះ​ ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ ​និង​ការទទួលខុសត្រូវ​ខ្ពស់​។​

ក្នុង​ករណី​រក​ឃើញ​ម្ចាស់​ទីតាំង​ ​ឬ​ម្ចាស់​អាជីវកម្ម​ខា​រ៉ា​អូខេ​ ​រង្គសាល​ ​និង​ ​ឌី​ស្កូ​តែ​ក​ណាមួយ​មិន​អនុវត្ត​ ​ឬ​អនុវត្ត​មិនបាន​ត្រឹមត្រូវតាម​ការណែនាំ​នេះ​ ​ត្រូវ​ចាត់វិធានការ​ដកហូត​អាជ្ញា​ប​ណ្ណ ​ឬ​លិខិតអនុញ្ញាត​ ​និង​អាច​ឈាន​ទៅ​បិទ​ទីតាំង​ទាំងស្រុង​។​

ដោយឡែក​ចំពោះ​បុគ្គល​ល្មើស​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​ទណ្ឌកម្ម​រដ្ឋបាល​ ​និង​ទណ្ឌកម្ម​ច្បាប់​ ​រួម​ទាំង​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ចំពោះ​បុគ្គល​ល្មើស​ ​ស្រប​តាមច្បាប់​ស្ដីពី​ ​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​និង​ជំងឺឆ្លង​កាច​សាហាវ​ ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ ​និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជាធរមាន​ ​ដោយ​គ្មាន​ការលើកលែង​ឡើយ​។​

សូម​ជម្រាប​ជូន​ថា​ ​កាលពី​យប់​ថ្ងៃ​ទី​២​៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដី​សម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ​ ​មុខរបរ​ ​ឬ​អាជីវកម្ម​ដែល​មាន​ហា​និ​ភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-​១​៩​ ​រួម​មាន​ខា​រ៉ា​អូខេ​ ​រង្គសាល​ ​និង​ឌី​ស្កូ​តែ​ក​ ​និង​ការ​ជួបជុំ​ ​ឬ​ការ​ប្រមូលផ្ដុំ​មនុស្សជា​លក្ខណៈ​ឯកជន​ ​នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ ​សម្រាប់​រយៈពេល​៧​ថ្ងៃ​ ​គិត​ចាប់ពី​ថ្ងៃ​ទី​២​៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​ ​រហូតដល់​ថ្ងៃ​ទី​៥​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​ដើម្បី​ប្រយុទ្ធ​ ​និង​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​។​ ​ប៉ុន្តែ​មក​ទាល់​នឹង​ព្រឹក​ថ្ងៃ​ទី​៣​០​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដី​សម្រេច​បើក​ដំណើរការ​អាជីវកម្ម​ដែល​មាន​ហា​និ​ភ័យ​នេះ​ឡើងវិញ​៕​