អាជ្ញាធរ បានបិទអាជីវកម្មជីកដីខ្សាច់ និងដឹកជញ្ជូនដី ក្នុងការដ្ឋាន២កន្លែង ក្នុងខេត្តកណ្តាល

អាជ្ញាធរខេត្តកណ្តាល បានចុះផ្អាកសកម្មភាពអាជីវកម្មជីកដី ខ្សាច់ និងការដឹកជញ្ជូនដី ក្នុងការដ្ឋានចំនួន ២កន្លែងក្នុងភូមិសាស្ត្រ ស្រុកកណ្តាលស្ទឹង ។

ក្នុងឪកាសដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យសកម្មភាពអាជីវកម្មទាំង២ កាលថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានឲ្យដឹងថា  ក្រុមការងារចម្រុះបានចុះពិនិត្យ និងផ្អាកអាជីវកម្មជីកដីខ្សាច់ខាងលើជាបណ្តោះអាសន្មដោយសារតែពុំទាន់មានអាជ្ញាប័ណ្ណអនុញ្ញាតិអោយធ្វើអាជីវកម្ម និងអាជ្ញាប័ណ្ណដែលហួសសពុលភាព។

លោក បានណែនាំដល់ អាជ្ញាធរស្រុកកណ្តាលស្ទឹង ត្រូវចុះស្រង់ស្ថិតិរាល់អាជីវកម្មរ៉ែទាំងឡាយណាដែលគ្មានអាជ្ញាប័ណ្ណ ឬអាជ្ញាប័ណ្ណហួសសុពលភាពអោយអស់ ហើយត្រូវណែនាំឱ្យម្ចាស់អាជីវកម្មទាំងនោះ ត្រូវស្នើសុំធ្វើអាជ្ញាប័ណ្ណថ្មីឬបន្តសុពលភាពអាជ្ញាប័ណ្ណរបស់ខ្លួនឡើងវិញ ឱ្យបានត្រឹមត្រូវស្របតាមច្បាប់កំណត់ និងគោរពអនុវត្តឱ្យបានតាមកិច្ចសន្យា។

ក្នុងការចុះត្រួតពិនិត្យរណ្តៅដីទាំង២ខាងលើដែលរណ្តៅទី១ របស់លោក ថុន ផាន់ណារ៉ូល ដែលមានទីតាំងស្ថិតក្នុងភូមិច្រឡាំង ឃុំរលាំងកែន ក្រុមការងារចម្រុះបានរកឃើញថា ទីតាំងខាងលើមានសកម្មភាពជីកដីក្នុងទីតាំងចាស់ និងទីតាំងកំពុងស្នើសុំអាជ្ញាប័ណ្ណ និងពុំមានរបងព័ទ្ធជុំវិញការដ្ឋាន និងគ្មានលក្ខណះចេ្ចកទេសត្រឹមត្រូវក្នុងការជីកនោះទេ។ចំណែករណ្តៅដីទី២ របស់លោក ឡាង លីហួ ស្ថិតក្នុងភូមិ អន្លង់រមៀតខាងត្បូង ឃុំអន្លង់រមៀត គឺទីតាំងខាងលើកំពុងមានសកម្មភាពធ្វើអាជីវកម្មចំនួន១រណ្តៅដែលមានទំហំ ២៥៩៣១,២ម៉ែត្រ ដែលមានជម្រៅ៨,៣៤ម៉ែត្រហើយក្រុមការងារបានវាស់វែងជាក់ស្តែងរកឃើញថារណ្តៅនេះគឺខុសតាមគោលការណ៍របស់ក្រសួងបានណែនាំ នោងអាជ្ញាប័ណ្ណហួសសុពលភាព។

លោកបន្តថា ដើម្បីដំណើរការអាជីវកម្មឡើងវិញបាន ទាល់តែម្ចាស់អាជីវកម្ម សុំច្បាប់ចេញពីរដ្ឋបាលខេត្ត ក្រសួង និងមន្ទីររ៉ែ និងថាមពលស្រប់ច្បាប់ ទើបអាចប្រកបអាជីវកម្មបាន។ បើមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវទេ អាជ្ញាធរ និងមន្ទីរត្រូវធ្វើការបិទជាបណ្តោះអាសន្ន និងធ្វើការផាកពិន័យ ទៅច្បាប់របស់ក្រសួងដែលបានចែង។

លោកបានបន្ថែមថា ក្រុមការងារនឹងបន្តចុះពិនិត្យតាម ការដ្ឋានអាជីវកម្មជាបន្តបន្ទាប់ទៀត ដើម្បីពង្រឹងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យនានា ដែលប៉ះពាល់ដល់បរិស្ថាន និងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដែលនៅជិតតំបន់នោះ និងអ្នកធ្វើដំណើរតាមដងផ្លូវ ។

សូមបញ្ជាក់ថា៖ប្រជាពលរដ្ឋដែលមានដីស្រែនៅក្បែរកន្លែងប្រកបអាជីវកម្មជីកដីបានសំណូមពរដល់ម្ចាស់អាជីវកម្មមេត្តាធ្វើរបងអោយបានត្រឹមត្រូវដើម្បីចៀសវាងបញ្ហាគ្រោះថ្នាក់ផ្សេងៗ និងមិនត្រូវជីកបំពានប៉ះពាល់ដល់ដីស្រែរបស់ពួកគាត់ឡើយព្រមទាំងត្រូវគោរពតាមអាជ្ញាប័ណ្ណដែលក្រសួងអនុញ្ញាតអោយធើ្វអាជីវកម្ម៕