សម្តេច ហ៊ុន សែន នឹងគាំទ្រឲ្យកូនប្រុសច្បង ធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តនាពេលខាងមុខ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា នឹងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តនាពេលខាងមុខ។សម្តេច លើកឡើងដូច្នេះ ក្នុងឪកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ដែលចំណាយថវិការបស់ជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក ក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។

នាឪកាសនោះ សម្តេច ហ៊ុន សែន បានមានប្រសាសនន៍ថា សម្តេចនឹងគាំទ្រកូនប្រុសច្បងរបស់សម្តេចគឺឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តនាពេលខាងមុខ ប៉ុន្តែការធ្វើនាយករដ្ឋមន្រ្តីនេះ ក៏ត្រូវឆ្លងកាត់ធ្វើការបោះឆ្នោត ។ ការមានប្រសាសន៍បែបនេះ គឺជាឆ្លើយតបទៅនឹងក្រុមប្រឆាំងមួយចំនួនដែលតែងតែលើកឡើងអំពីបញ្ហានេះជាដដែលៗ។

ដូច្នេះនៅថ្ងៃនេះ សម្ដេចបានប្រកាសជាសាធារណ:ថា ប្រុសរបស់សម្ដេច គឺ ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីក្នុងចំណោមបេក្ខជនផ្សេងទៀត ដោយមានការគាំទ្រពីសម្តេចជាឪពុកតែម្តង។

នាឪកាសនោះផងដែរ សម្ដេច ហ៊ុន សែន ក៏បានបង្ហាញនូវក្តីរីករាយចំពោះសមិទ្ធផលផ្លូវ និងរចនាសម្ព័ន្ធនៅក្នុងក្រុងព្រះសីហនុមានពេលនេះដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា៕