សមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធធំៗ នឹងធ្វើឲ្យខេត្តព្រះសីហនុក្លាយជាប៉ូលអភិវឌ្ឍជាតិដ៏សំខាន់

ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៧ខ្សែ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទីមួយ និងទីពីរក្នុងខេត្តព្រះសីហនុ ព្រមទាំងសមិទ្ធិផលសំខាន់ជាច្រើនទៀត  នឹងធ្វើឱ្យខេត្តព្រះសីហនុក្លាយទៅជាប៉ូលអភិវឌ្ឍជាតិ ប្រកបដោយចីរភាព។សមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធសំខាន់ទាំងនេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។

ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង ចំនួន៣៧ខ្សែក្នុងខេត្តព្រះសីហនុ គឺជាគំនិតផ្ដួចផ្ដើមដ៏ថ្លៃថ្លារបស់សម្ដេច​ ហ៊ុន សែន កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ដើម្បីកែលម្អខ្សែផ្លូវមេយុទ្ធសាស្ត្រនៃប្រព័ន្ធនគរូបនីយកម្ម គមនាគមន៍ដឹកជញ្ជូន សេដ្ឋកិច្ច ធុរកិច្ច និងទេសចរណ៍នៃខេត្តព្រះសីហនុ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សោភ័ណភាពរបស់ខេត្តនេះផងដែរ។

គួរបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ដែលបានស្ថាបនារួចខាងលើ បានចំណាយថវិកាសរុបប្រមាណ ៣២៤ ០៧៩ ៩៦៤ ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះថវិការបស់រាជរដ្ឋាភិបាលចំនួន ៣១០ ៤៦៦ ២៧៦ ដុល្លារអាមេរិក រួមជាមួយនឹងថវិកាពីសប្បុរជនក្នុងស្រុកមួយចំនួនផ្សេងទៀតផងដែរ។ សមិទ្ធផលទាំងនេះនឹងចូលរួម សម្រួលលំហូរចរាចរណ៍ ទាក់ទាញទេសចរណ៍ជាតិនិងអន្តរជាតិ បង្កើតការងារធ្វើ បង្កើនប្រាក់ចំណូល ដល់ពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុក ធ្វើឱ្យប្រជាជនមានជីវភាពល្អប្រសើរមានសុខដុមក្នុងសង្គម៕