ផ្លូវជាតិលេខ១១ តម្លៃជិត១០០លានដុល្លារ បានប្រកាសដាក់ឲ្យប្រើប្រាស់ក្រោមវត្តមានសម្តេច

ផ្លូវជាតិលេខ១១ និង សាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។

នាឪកាសនោះ សម្ដេច ហ៊ុន សែន បានលើកឡើងថា តាមគម្រោងផ្លូវនេះត្រូវបញ្ចប់ក្នុងរយៈពេល៤៤ខែ ប៉ុន្តែមិត្តចិនបានខិតខំសាងសង់មកត្រឹមតែ៣០ខែប៉ុណ្ណោះ និងបានបញ្ចប់ទាំងស្រុងកាលពីថ្ងៃ១៧ ខែមីនាកន្លងទៅ។សម្តេចអះអាងថា ផ្លូវនេះបានជួយឲ្យខេត្តព្រៃវែងកាន់តែប្រសើរឡើង តាមរយៈជួយតភ្ជាប់ពាណិជ្ជកម្ម រវាងខេត្តព្រៃវែង និងខេត្តដទៃជាដើម។

ជាមួយគ្នានេះ សម្តេច ក៏បានអរគុណដល់ចិន ដែលតែងតែជួយកសាងសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដល់កម្ពុជា ដែលមកដល់ពេលនេះ បានជាង៣០០០គីឡូម៉ែត្រ និងស្ពានឆ្លងកាត់ទន្លេ ចំនួន៨ថែមទៀត។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ១១នេះ បានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណ ៩៨.៣៨៨ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងសាងសង់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង មានប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ១) ស្ថិតនៅភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងប្រវែងខ្សែផ្លូវសរុប ផ្លូវជាតិមានប្រវែង ៨៦.៦៨គីឡូម៉ែត្រ ឆ្លងកាត់ទឹកដីខេត្តព្រៃវែង ប្រវែង ៦៥គីឡូម៉ែត្រ និងទឹកដីខេត្តត្បូងឃ្មុំ ប្រវែង ២១.៦៨គីឡូម៉ែត្រ និងផ្លូវក្នុងក្រុងព្រៃវែងប្រវែង ៩.៨០គីឡូម៉ែត្រ៕