រដ្ឋមន្រ្តីក្រសួងដែនដី ចុះពិនិត្យលទ្ធផលស្រាវជ្រាវការទន្ទ្រានកាន់កាប់ដីរដ្ឋ នៅតំបន់ទន្លេសាប

លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានចូលរួមប្រជុំត្រួតពិនិត្យលទ្ធផលស្រាវជ្រាវការទន្ទ្រានកាន់កាប់ដីរដ្ឋក្នុងដែនព្រៃលិចទឹកនៅតំបន់ទន្លេសាប នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។

នាឪកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជម្រាបជូនអង្គប្រជុំថា ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្ថាប័នពាក់ព័ន្ធ បានចុះពិនិត្យទីតាំងជាក់ស្តែង និងទប់ស្កាត់ការចំពោះការកាប់ព្រៃលិចទឹក និងវាទទីយកដីបឹងទន្លេសាប នៅតំបន់២ តំបន់៣ ក្នុងភូមិសាស្ត្រឃុំប្រាសាទ និង ភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយប្រើប្រាស់មធ្យោបាយទូក  ដើម្បីចុះផ្ទៀងផ្ទាត់ កំណត់បង្គោលព្រំ ដើម្បីកសាងឯកសារប័ណ្ណកម្ម ចុះបញ្ជីដីរដ្ឋ។

នាឪកាសនោះដែរ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អាជ្ញាធរខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តន៍យ៉ាងមឹងម៉ាត់បំផុតនូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើការគ្រប់គ្រងឱ្យបានល្អ និងទប់ស្កាត់ឱ្យទាន់ពេលវេលានូវរាល់ទង្វើ ឬជនណាដែលចង់ធ្វើបទល្មើស ការទន្ទ្រានកាប់ព្រៃលិចទឹក និងវាទទីយកដីបឹងទន្លេសាប។

ជាមួយគ្នានេះ ឯកឧត្តម បន្តថា ក្នុងនាមសេនាធិការជូនសម្តេច ទាំងថ្នាក់ក្រសួង និងខេត្តយើងនឹងបន្តខិតខំដោះស្រាយនឹងទប់ស្កាត់ឲ្យខាតតែបាន ដើម្បីឈានទៅបញ្ចប់បញ្ហាទាំងនេះ អោយបានជោគជ័យនាពេលខាងមុខនេះ៕