
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសជូនដំណឹងពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃ៨ ដល់ថ្ងៃ១៤ ខែធ្នូ ឆ្នាំ២០២១ កម្ពុជា នឹងចុះត្រជាក់ខ្លាំង។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា កម្ពុជាបានទទួលរងឥទ្ធិពលទ្រនុងខ្ពស់ពីចិន ជាមួយខ្យល់មូសុងឦសានបក់ពីមធ្យមទៅបង្គួរ។
ប្រភពដដែលបន្តថា ស្ថានភាពនេះធ្វើឲ្យតំបន់ជាច្រើន ជាពិសេសខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានដូចជាខេត្តមណ្ឌលគិរី រតនគីរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ កម្រិតសីតុណ្ហភាពអប្បបរមារង្វង់ ១៧ អង្សាសេ។
ដោយឡែកតំបន់ទំនាបកណ្តាល កម្រិតសីតុណ្ហភាពអប្បបរមាពី ១៩ ទៅ ២២ អង្សាសេ និងតំបន់មាត់សមុទ្រ កម្រិតសីតុណ្ហភាពអប្បបរមានពី ២១ ដល់ ២៣ អង្សាសេ៕