ក្រុមការងារចម្រុះបើកកិច្ចប្រជុំជំរុញឱ្យប្រសើរឡើងនូវច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម

ក្រុមការងារចម្រុះកម្ពុជា-វៀតណាម បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការដឹកជញ្ជូននៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម កាលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។  កិច្ចប្រជុំនេះ ធ្វើឡើងក្រោមការដឹកនាំដោយលោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ  និងដោយមានការចូលរួមពីលោក អនុរដ្ឋមន្ត្រីដឹកជញ្ជូនវៀតណាម Le Dinh Tho។

លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យមើលវឌ្ឍនភាពរួមស្តីពីការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម និងពិនិត្យពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយចំពោះការកកស្ទះចរាចរណ៍ដោយសារការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែននៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោក រដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ពីការរីកចម្រើនឥតឈប់ឈរទាក់ទងនឹងវិស័យដឹកជញ្ជូននាពេលបច្ចុប្បន្ន ទោះបីកម្ពុជាជួបប្រទះនឹងវិបត្តិនៃការឆ្លងរាតត្បាតពីជំងឺ កូវីដ-១៩ យ៉ាងណាក៍ដោយ។

គួរកត់សម្គាល់ថា៖ ការបើកច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម នឹងបើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសទាំងពីរ បង្កើនការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន បង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងការទាក់ទាញភ្ញៀវទេសចរណ៍ ដែលកត្តាទាំងនេះជាកម្លាំងចលករយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមរបស់ប្រជាជាតិទាំងពីរផងដែរ៕