អាជ្ញាធរ ត្រៀមកម្លាំងសមត្ថកិច្ចជាង១ពាន់នាក់ ដើម្បីរក្សាសន្តិសុខក្នុងការប្រកួតកីឡាទូកក្តោង

រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីបើកព្រឹត្តិការណ៍ ប្រកួតកីឡាទូកក្តោង ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ រយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅឆ្នេរសុខា ក្រុងព្រះសីហនុ។

ការប្រារព្ធការប្រកួតកីឡាទូកក្ដោង ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ គឺមានការអញ្ជើញចូលរួម ដោយលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកក្ដោង ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

ក្នុងពិធីនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍ដែលបានសម្រេចជ្រើសរើសយកខេត្តព្រះសីហនុ ធ្វើជាទីតាំងម្ចាស់ផ្ទះក្នុងការរៀបចំពិធី ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សម្រាប់ខេត្តព្រះសីហនុ ក្នុងការសហការរៀបចំការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ ដែលមានគណៈកម្មការរៀបចំការប្រកួតអន្តរជាតិ ក្រុមកីឡាករ-កីឡាការិនីមកពីប្រទេសចំនួន៣ ក្នុងតំបន់អាស៊ានមានកម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរី ស្ថិតក្នុងបរិបទនៃការផ្ទុះរីករាលដាលជាសកលនៃជំងឺកូវីដ១៩ មានកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិចូលរួមប្រកួតមានចំនួន ២៧នាក់ និងមានទូកចំនួន ២២ទូក។

លោកអភិបាលខេត្តបញ្ជាក់បន្ថែមថា រដ្ឋបាលខេត្តព្រះសីហនុ នឹងរក្សាសន្តិសុខសុវត្ថិភាពជូនដល់ក្រុមកីឡាករកីឡាការិនីទាំងជាតិ និងអន្តរជាតិ ដោយកម្លាំងសមត្ថកិច្ចចម្រុះជាង១ពាន់នាក់ ជូនក្រុមកីឡាករសម្រាប់ការប្រកួតនេះផងដែរ។

ឯកឧត្តម ថោង ខុន មានប្រសាសន៍ក្នុងពិធីនេះដែរថា ការការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៌ឆ្នាំ២០២១​ រួមគ្នាស្រឡាញ់កីឡាទូកក្តោង នៅខេត្តព្រះសីហនុនាពេលនេះ​ បានបង្ហាញឱ្យឃើញពីជោគជ័យ នៃការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ១៩ និងជាដំណើរឆ្ពោះទៅបើកទេសចរណ៍វ៉ាក់សាំងដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានខិតខំធ្វើការដោះស្រាយ។

លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះ ក៏នឹងបង្ហាញជូនទៅកាន់ពិភពលោក ឱ្យឃើញពីសម្រស់ឆ្នេរសមុទ្រកម្ពុជា រួមនិងការអភិវឌ្ឍន៍នៅកម្ពុជា ហើយជាមួយគ្នានេះប្រតិភូសហពន្ធ័កីឡាទូកក្តោងមកពីប្រទេសសឹង្ហបុរី ក៏បានវាយតម្លៃខ្ពស់ចំពោះ ឆ្នេរសមុទ្រកម្ពុជាដែលលោកបានចាត់ទុកថាជាឆ្នេរសមុទ្រស្អាតមួយ ក្នុងចំណោមឆ្នេរសមុទ្រស្អាតមួយចំនួនទៀតក្នុងពិភពលោក៕