កម្ពុជា ប្តេជ្ញាបង្កើនការបំបៅដោះកូនដោយទឹកដោះម្តាយ អំឡុងម៉ោងដំបូងឲ្យបាន៊ជាង៦៨%ក្នុងឆ្នាំ២០២៣

តាមរយៈគោលដៅ និងការប្តេជ្ញាចិត្តក្នុងការឆ្លើយតបនឹងអាហារូបត្ថម្ភនិងការចិញ្ចឹម​​ទារក បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញានឹងបង្កើនអត្រាការចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយភ្លាមអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាលឱ្យបាន៤,៥%ពី៦៣% ក្នុងឆ្នាំ ២០១៤ ដល់ត្រឹម៦៨,៨% ក្នុងឆ្នាំ២០២៣។

ការលើកឡើងនេះ ត្រូវបានបង្ហាញឡើង តាមរយៈវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពីការរាយការណ៍ព័ត៌មានអំពីអាហារូបត្ថម្ភនិងការចិញ្ចឹមទារកនិងកុមារ ក្រោមការរៀបចំដោយអង្គការ Helen Keller សហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងគម្រោងMUSEFO របស់អង្គការ GIZ កាលពេលថ្មីៗនេះ។

តាមរយៈបទបង្ហាញរបស់លោកស្រី ស្វាយ សារី មន្ត្រីជំនាញកម្មវិធីជាតិអាហារូបត្ថម្ភ  បានឲ្យដឹងថា គោលដៅរួមនៃកម្មវិធីជាតិអាហារូបត្ថម្ភ ដើម្បីលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភ សុខភាព និងសុខុមាលភាពរបស់ស្ត្រីនិងកុមារកម្ពុជាតាមរយៈការអនុវត្តន៍ទម្លាប់ល្អៗក្នុងការចិញ្ចឹមទារកនិងកុមារឱ្យបានល្អប្រសើរបំផុត។

លោកស្រីបានបញ្ជាក់បន្តថា ដើម្បីលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភកម្ពុជា ឲ្យមានការកើនឡើង រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្តេជ្ញានឹងបង្កើនអត្រាការចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយភ្លាមអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាលឱ្យបាន៤,៥%ពី៦៣% ក្នុងឆ្នាំ ២០១៤ ដល់៦៨,៨% ក្នុងឆ្នាំ២០២៣។

មិនតែប៉ុណ្ណោះ តាមរយៈកម្មវិធីនេះ ក៏មានគោលដៅ កាត់បន្ថយបញ្ហាស្គមស្គាំងកុមារអាយុក្រោម៥ឆ្នាំឱ្យបាន២%ពី១០%ក្នុងឆ្នាំ ២០១៤ មកនៅ៨% ក្នុងឆ្នាំ ២០២៣។ កាត់បន្ថយអត្រាកើនឡើងនូវភាពលើសទម្ងន់និងបញ្ហាធាត់់កុមារអាយុក្រោម៥ឆ្នាំ និងស្រ្តីវ័យបន្តពូជ ជាមួយគ្នានេះ នៅក្នុងកម្មវិធីនេះ ក៏បានកាត់បន្ថយអត្រាទារកទើបកើតមិនគ្រប់ទម្ងន់ឱ្យបាន២%ពី ៨% ក្នុងឆ្នាំ ២០១៤ មកនៅ ៦% ក្នុងឆ្នាំ ២០២៣ផងដែរ។

លើសពីនេះទៀត កម្មវិធីជាតិអាហារូបត្ថម្ភ  ក៏បានបង្ហាញពីសូចនាករ និងចំណុចដៅសំខាន់ៗ ក្នុងនោះរួមមាន៖ កាត់បន្ថយបញ្ហាក្រិសក្រិនកុមារអាយុក្រោម៥ឆ្នាំឱ្យបាន៧% ពី៣២%ក្នុងឆ្នាំ ២០១៤ មកនៅ២៥%ក្នុងឆ្នាំ២០២៣។ កាត់បន្ថយបញ្ហាស្គមស្គាំងកុមារអាយុក្រោម៥ឆ្នាំឱ្យបាន២%ពី១០%ក្នុងឆ្នាំ ២០១៤ មកនៅ៨% ក្នុងឆ្នាំ ២០២៣។កាត់បន្ថយអត្រាកើនឡើងនូវភាពលើសទម្ងន់និងបញ្ហាធាត់់កុមារអាយុក្រោម៥ឆ្នាំ និងស្រ្តីវ័យបន្តពូជ។ កាត់បន្ថយអត្រាទារកទើបកើតមិនគ្រប់ទម្ងន់ឱ្យបាន២%ពី ៨% ក្នុងឆ្នាំ ២០១៤ មកនៅ ៦% ក្នុងឆ្នាំ ២០២៣។

គួរបញ្ជាក់ថា តាមរយៈរបាយការណ៍ស្រាវជ្រាវ ក៏បានបង្ហាញដែរថា ការបំបៅដោះកូនដោយទឹកដោះពេញលេញ ក៏អាចការពារកុមារកម្ពុជាប្រហែល ៥០ម៉ឺននាក់ ពីជំងឺរាករួស និងជំងឺរលាកសួតជារៀងរាល់ឆ្នាំ ហើយការពារជំងឺធាត់លើកុមារបានចំនួន១១៤៥នាក់ក្នុងមួយឆ្នាំផងដែរ។

មិនតែប៉ុណ្ណោះ របាយការណ៍ដដែលក៏អះអាងថា ក្នុងមួយឆ្នាំៗ ពិភពលោកបាត់បង់ថវិកាប្រមាណជាង ៣០០ពាន់លានដុល្លារក្នុង១ឆ្នាំ ដោយសារមិនបានបំបៅទឹកដោះម្តាយឱ្យបានពេញលេញដល់ទារក និងកុមារ។ ហេតុនេះ បើសិនជាអ្នកម្តាយ ឈប់ប្រើម្សៅទឹកដោះគោ ហើយងាកបំបៅដោះកូនដោយទឹកដោះវិញ នោះកម្ពុជា ក៏អាចអាចសន្សំថវិកាបានរហូតដល់១៣៧លានដុល្លារក្នុងឆ្នាំផងដែរ។

យ៉ាងណា ដើម្បីជំរុញលើកកម្ពស់ការបំដោះកូនដោយទឹកដោះម្តាយនៅប្រទេសកម្ពុជា ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន ក៏ធ្លាប់បានលើកឡើងដែរថា ការលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារ គឺជាបញ្ហាអន្តរវិស័យដែលតម្រូវឲ្យមានកិច្ចសហការល្អ ការសម្របសម្រួល និងការចូលរួមដោយយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ៕

អត្ថបទ៖ សែម ពិសី