វេទិកា ស្ដីពីតួនាទីរបស់យុវជនក្នុងប្រព័ន្ធស្បៀងដើម្បីរបបអាហារសុខភាព នឹងរៀបចំឡើងនៅខេត្តកំពត

អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ (Helen Keller) សហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ (កកជ) និងគម្រោង MUSEFO នៃអង្គការGIZ នឹងរៀបចំវេទិកាស្ដីពីតួនាទីរបស់យុវជនក្នុងប្រព័ន្ធស្បៀងដើម្បីរបបអាហារសុខភាព នៅលើទឹកដីខេត្តកំពត នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលសារព័ត៌មាន The Plus News ទទួលបានពីអង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ (Helen Keller) កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។

វេទិកានេះ គឺផ្តោតលើគោលបំណងចំនួន៣សំខាន់ៗរួមមាន៖,បង្កើនការយល់ដឹងជាមូលដ្ឋានលើទិដ្ឋភាពទូទៅនៃប្រព័ន្ធស្បៀងសម្រាប់របបអាហារសុខភាព ,ផ្តល់វេទិកាដល់យុវជនដើម្បីចែករំលែកការយល់ដឹង បទពិសោធន៍ និងមតិយោបល់លើប្រព័ន្ធស្បៀងនិងការផ្លាស់ប្តូរឥរិយាបថលើរបបអាហារសុខភាព និង,ពិភាក្សាពីតួនាទីសក្តានុពលរបស់យុវជនក្នុងការចូលរួមអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពរបស់កម្ពុជា។

អគ្គលេខាធិការ (កកជ) លោក សុខ ស៊ីឡូ មានប្រសាសន៍ថា៖“៦៥ភាគរយនៃចំនួនប្រជាជនកម្ពុជាសរុបគឺជា យុវជនដែលមានអាយុក្រោម៣០ឆ្នាំ។ យុវជនគឺជាកំលាំងចលករយ៉ាងសំខាន់និងជាធនធានមិនអាចខ្វះបាន ក្នុងការបន្តវេនមនុស្សជំនាន់មុន។ ពួកគេពោរពេញទៅដោយថាមពលខ្លាំងក្លា បញ្ញាស្មារតីវៀងវៃ សុខភាពបរិបូរណ៌ដែលជាគ្រឹះដ៍រឹងមាំសម្រាប់បន្តការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃអនាគត។ យុវជនគឺជាក្រុមមនុស្សដ៏សំខាន់មួយសម្រាប់អន្តរាគមន៍អាហារូបត្ថម្ភក្នុងការបំបែកវដ្តបញ្ហាអាហារូបត្ថម្ភនៅកម្ពុជា” ។ 

ជាមួយគ្នានេះដែរ លោក ហ៊ូ ក្រើន នាយករងអង្គការ ហេទ្បែន ខេលល័រ អន្តរជាតិក៏បានលើកឡើងដែរថា  “យុវជនបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងវិស័យសង្គម វប្បធម៍ សេដ្ឋកិច្ច និងនយោបាយ។ ពួកគេមិនត្រឹមតែបានចូលរួមរាល់សកម្មភាពទាំងនោះទេ តែក៍បានក្លាយជាអ្នកដឹកនាំក្នុងវិស័យមួយចំនួនផងដែរ។ នៅក្នុងបរិបទរបបអាហារសុខភាពវិញ យុវជនមានតួនាទីដ៏សំខាន់ក្នុងការចូលរួមផ្សព្វផ្សាយសារគន្លឹះដល់ប្រជាពលរដ្ឋទាំងអស់លើការអនុវត្តល្អប្រសើរប្រចាំថ្ងៃដូចជា ការបរិភោគអាហារចម្រុះមុខសម្បូរសារជាតិចិញ្ចឹមខ្ពស់ ការបរិភោគអាហារមានជាតិខ្លាញ់ អំបិលនិងស្ករតិច ការជំរុញលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយនិងអាហារបន្ថែមដល់កុមារ ការហាត់ប្រាណជាប្រចាំដើម្បីសុខភាពល្អជាដើម។ នេះសរបញ្ជាក់ថាយុវជនមានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយបញ្ហាអាហារូបត្ថម្ភដែលកម្ពុជាកំពុងមាននាពេលនេះ”។ 

បន្ថែមពីនេះទៀត លោកស្រីបណ្ឌិត Sanne Sigh តំណាងគម្រោង MUSEFOនៃអង្គការGIZមានប្រសាសន៍ថា៖ “យុវជនគឺជាអនាគតរបស់ប្រទេសកម្ពុជា។ ពួកគេគឺជាតួអង្គដ៏សំខាន់ក្នុងការជួយជំរុញការផ្លាស់ប្តូរនិងជាអ្នកដឹកនាំមិនអាចខ្វះបានដើម្បីធានានិងលើកម្ពស់ការយល់ដឹងនិងការអនុវត្តលើអាហារប្រកបដោយសុខភាពនិងសុវត្ថិភាពសម្រាប់ទាំងអស់គ្នាជាពិសេសស្រ្តីនិងកុមារដើម្បីរួមចំណែកដោះស្រាយបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា។ ដូច្នេះយុវជនដើរតួរសំខាន់ណាស់ក្នុងប្រព័ន្ធស្បៀងនិងរបបអាហារសុខភាពសម្រាប់ផែនទីបង្ហាញផ្លូវកម្ពុជាស្តីពីប្រព័ន្ធស្បៀងប្រកបដោយចីរភាពឆ្នាំ២០៣០”។

គួរបញ្ជាក់ដែរថា វេទិកាស្តីពីតួនាទីរបស់យុវជនក្នុងប្រព័ន្ធស្បៀងដើម្បីរបបអាហារសុខភាព ដែលនឹងត្រូវប្រារព្ធឡើងនៅក្នុងសណ្ឋាគារកំពត ទីរួមខេត្តកំពតនេះ ក៏នឹងមានការចូលរួមពីស្ថាបប័នជាតិ និងអន្តរជាតិ ព្រមទាំងសិស្ស និសិត្ស លោកគ្រូ និងអ្នកគ្រូ ប្រមាណជាង២០០នាក់ផងដែរ៕

អត្ថបទ ៖ សែម ពិសី