ឣ្នកជំនាញ៖ កម្ពុជាខាតបង់ប្រមាណ២៥០លានដុល្លា ក្នុង១ឆ្នាំ ដោយសារបញ្ហាកង្វះអាហារូបត្ថម្ភ

ឣ្នកជំនាញមកពីអង្គការ ហេទ្បែន ខេលល័រ អន្តរជាតិចាត់ទុកថា បញ្ហាកង្វះអាហារូបត្ថម្ភ បានផ្តល់នូវផលវិបាកជាច្រើនចំពោះកុមារផ្ទាល់ គ្រួសារ និងសង្គមជាតិទាំងមូល។ជាក់ស្តែង ដោយសារបញ្ហានេះ បានធ្វើឲ្យកម្ពុជា ក្នុង១ឆ្នាំៗ ខាតបង់ថវិការហូតដល់ ២៥០លានដុល្លាឣាមេរិកផងដែរ។

នេះបើតាមរបាយការណ៍ ដែលសារព័ត៌មាន The Plus News ទទួលបានពីអង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ (Helen Keller) កាលពីពេលថ្មីៗនេះ។

លោក ហ៊ូ ក្រើន នាយករងអង្គការ ហេទ្បែន ខេលល័រ អន្តរជាតិបានឲ្យដឹងថា កុមារកម្ពុជា៣២នាក់ក្នុង ចំណោម១០០នាក់មានបញ្ហាកង្វះអាហារូបត្ថម្ភ។លោកបន្តថា បញ្ហាកង្វះអាហារូបត្ថម្ភលើកុមារកម្ពុជានៅតែមានកំរិតខ្ពស់នៅឡើយគឺ៣២% បើទោះបីជាតួលេខនេះទាបជាងក្នុងឆ្នាំ២០១០ ដែលមាន៤០%ក៏ដោយ។

លោក ហ៊ូ ក្រើន ក៏បានបញ្ជាក់ដូច្នេះថា ” មានមូលហេតុជាច្រើនដែលបណ្តាលឲ្យមានបញ្ហាកង្វះអាហារូបត្ថម្ភលើកុមារកម្ពុជា រួមមាន៖ ការផ្តល់អាហារសុខភាពដល់កុមារមិនបានគ្រប់គ្រាន់ដូចជាការបំបៅកូនដោយទឹកដោះម្តាយនិងការផ្តល់អាហារបន្ថែម របៀបផ្តល់អាហារដល់កុមារមិនបានត្រឹមត្រូវតាមអាយុនិងតំរូវការរបស់ពួកគេ ការមិនបានយកចិត្តទុកដាក់លើការថែទាំកុមារ ការអនុវត្តអនាម័យនិងទឹកស្អាតមិនបានត្រឹមត្រូវ ការមិនបានទទួលសេវាសុខភាពគ្រប់គ្រាន់ ការផ្លាស់ប្តូរឥរិយាបទនិងទំលាប់ជាដើម”។

បន្ថែមពីនេះ លោកបន្តថា បញ្ហាកង្វះអាហារូបត្ថម្ភនេះ ផ្តល់នូវផលវិបាកជាច្រើនចំពោះកុមារផ្ទាល់ គ្រួសារ និងសង្គមជាតិទាំងមូល។ ជាក់ស្តែង ប្រទេសកម្ពុជាបានខាតបង់ប្រមាណ ២៥០លានដុល្លាក្នុង១ឆ្នាំៗ ដោយ សារបញ្ហាកង្វះអាហារូបត្ថម្ភនេះ។

គួរបញ្ជាក់ថា បើយោងតាមភស្តុតាងវិទ្យាសាស្រ្ត បានបញ្ចាក់ច្បាស់ថាការបំបៅកូន ដោយទឹកដោះម្តាយភ្លាមអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាលរួចអាចទប់ស្កាត់ មរណភាពទារកបានប្រហែល២០%,។

មិនតែប៉ុណ្ណោះ ភស្តុតាងវិទ្យាសាស្រ្តនេះក៏បានបង្ហាញថា កុមារដែលបានទទួលការបំបៅដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់រយៈពេល៦ខែដំបូង ក៏អាចកាត់បន្ថយជំងឺរាករូសបាន១១ដង និងជំងឺរលាកសួតបាន១៥ដងបើប្រៀបធៀបជាមួយកុមារ ដែលមិនបានទទួលការបំបៅដោយទឹកដោះម្តាយ។

ហេតុនេះ ភស្តុតាងវិទ្យាសាស្រ្តនេះ ក៏បានជំរុញអាណាព្យាបាល ត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាបំផុតលើអាហារូបត្ថម្ភកុមារក្នុងរយៈពេល១០០០ ថ្ងៃដំបូង ព្រោះដំណាក់កាលនេះ ជាពេលដែលកុមារត្រូវការ ការលូតលាស់និងការអភិវឌ្ឍន៍ខ្លាំងទាំងផ្នែករាងកាយនិងសតិបញ្ញាស្មារតី។

យ៉ាងបើតាមឣ្នកជំនាញខាងអាហារូបត្ថម្ភកុមារនៃអង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ យល់ថា ដើម្បីអនុវត្តកម្មវិធីអាហារូបត្ថម្ភនៅថ្នាក់ជាតិនិងនៅតាមសហគមន៍ក្នុងប្រទេសកម្ពុជាឲ្យបានជោគជ័យ ចាំបាច់ត្រូវតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ៕

ឣត្ថបទ៖សែម ពិសី