យុវជន ជាចលករសំខាន់ជួយពន្លឿនការឆ្ពោះទៅរកប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅឆ្នាំ២០៣០

ស្ថាប័នជាតិ និងឣន្តរជាតិ ពិសេសតំណាងក្រុមយុវជន បានចាត់ទុកថា យុវជន ជាចលករសំខាន់ជួយពន្លឿនការឆ្ពោះទៅសម្រេចបាននូវប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅឆ្នាំ២០៣០។

ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងនៅក្នុងវេទិកាស្តីពី “តួនាទីរបស់យុវជនក្នុងប្រព័ន្ធស្បៀងដើម្បីរបបអាហារសុខភាព”នាខេត្តកំពត កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។

នាឪកាសនោះ លោក សំ សារ៉ាត ឣនុប្រធាន ក្រុមប្រឹក្សាស្តារឣភិវឌ្ឍន៍កសិកម្ម និងជនបទ មានប្រសាសន៍ថា រដ្ឋាភិបាលបានចាត់ទុក យុវជន គឺជាកម្លាំងចលករ ជាអ្នកពាក់ព័ន្ធដ៏សំខាន់នៃអន្តរាគមន៍អាហារូបត្ថម្ភ ក្នុងការទទួលយកតួនាទីដឹកនាំដើម្បីរបបអាហារដែលមានសុខភាពល្អសម្រាប់ទាំងអស់គ្នា ។

ហេតុនេះ លោកថា ទើបរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាលើក កម្ពស់ និងផ្តល់សិទ្ធិអំណាចដល់យុវជន ក្នុងគោល បំណងពន្លឿនការឆ្ពោះទៅរកប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០។យ៉ាងណា លោកក៏ជំរុញឲ្យស្ថាប័នពាក់ព័ន្ធជំរុញរាល់សកម្មភាពរបស់យុវជនកម្ពុជាទាកទងប្រព័ន្ធស្បៀង និងឣាហារូបត្ថម្ភកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ លោក សុខ ស៊ីឡូ ឣគ្គលេខាធិការ ក្រុមប្រឹក្សាស្តារឣភិវឌ្ឍន៍កសិកម្ម និងជនបទ ក៏បានលើកឡើងដែរថា ៦៥ភាគរយនៃចំនួនប្រជាជនកម្ពុជាសរុបគឺជា យុវជនដែលមានអាយុក្រោម៣០ឆ្នាំ។ហេតុនេះ យុវជនមិនត្រឹមជាកំលាំងចលករសំខាន់ប៉ុណ្ណោះទេ ព្រោះពួកគេពោរពេញទៅដោយថាមពលខ្លាំងក្លា បញ្ញាស្មារតីវៀងវៃ សុខភាពបរិបូរណ៌ដែលជាគ្រឹះដ៍រឹងមាំសម្រាប់បន្តការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃអនាគត។

ចំណែកឯ កញ្ញា ឈុន បូរមី អ្នកសម្របសម្រួលក្រុមយុវជនជើងឯកអាហារូបត្ថម្ភ នៃអង្គការ ហេទ្បែន ខេលល័រ ក៏បានបង្ហាញការគាំទ្រ ដែលរដ្ឋាភិបាលផ្តល់ឣាទិភាពមួយក្នុងចំណោមឣាទិភាពទាំង៤ដែលបានចែងនៅក្នុងផែនទីបង្ហាញផ្លូវកម្ពុជាសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០។

ក្នុងនាមជា ឣ្នកសម្របសម្រួលក្រុមយុវជនជើងឯកឣាហារូបត្ថម្ភ កញ្ញា ក៏បានប្តេជ្ញាចូលរួមឲ្យបានពេញលេញ ដើម្បីទៅឲ្យកម្ពុជាឈានទៅឆាប់បានសម្រេចជោគជ័យនៅប្រព័ន្ធស្បៀងប្រកបដោយចីរភាពនេះ។

គួរបញ្ជាក់ថា តាមរយ:វេទិកាខាងលើ ក៏បានបង្ហាញដែរថា កុមារកម្ពុជាចំនួន៣២នាក់ក្នុង ចំណោម១០០នាក់មានបញ្ហាកង្វះអាហារូបត្ថម្ភ។បញ្ហាកង្វះអាហារូបត្ថម្ភលើកុមារកម្ពុជា នៅតែមានកំរិតខ្ពស់នៅឡើយគឺ៣២% បើទោះបីជាតួលេខនេះទាបជាងក្នុងឆ្នាំ២០១០ ដែលមាន៤០%ក៏ដោយ។មិនតែប៉ុណ្ណោះ បញ្ហានេះ ក៏បានធ្វើឲ្យកម្ពុជា ក្នុង១ឆ្នាំៗ ខាតបង់ថវិការហូតដល់ ២៥០លានដុល្លាឣាមេរិកផងដែរ។

ហេតុនេះ តាមរយ: វេទិកា ស្តីពីតួនាទីរបស់យុវជនក្នុងប្រព័ន្ធស្បៀងដើម្បីរបបអាហារសុខភាពនេះ ក៏បានបង្ហាញថា ដើម្បីដោះស្រាយបញ្ហានេះ ទាមទាឲ្យមានការចូលរួមពីគ្រប់ភាគីពាកព័ន្ធ ពិសេសកម្លាំងយុវជនកម្ពុជា៕

ឣត្ថបទ: សែម ពិសី