សម្តេច ហ៊ុន សែន ប្រកាសបើកការដ្ឋានសាងសង់គម្រោងផ្លូវជាតិលេខ៤៨ ជាផ្លូវការហើយ

ទីបំផុត គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ចំណុចប្រសព្វផ្លូវជាតិលេខ៤ អូរជ្រៅ-ក្រុងខេមរភូមិន្ទ ខេត្តកោះកុង) ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការហើយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបើកការដ្ឋាន កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ។

នាឪកាសនោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកថា គម្រោងផ្លូវនេះនឹងជួយសម្រួលសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសជាផ្លូវយុទ្ធសាស្រ្តសេដ្ឋកិច្ចដ៏សំខាន់ថែមទៀត។

គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវនេះ មានប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ផ្ដើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងនេះរួមមាន៖ ផ្លូវពីរគន្លងមានប្រវែង ១២២,៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ ផ្លូវ ៤គន្លងមានប្រវែង២៥,១គីឡូម៉ែត្រ ទទឹងចាប់ពី១៨,៥ ម៉ែត្រដល់ ២១,៥ម៉ែត្រ៕

គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣២ខែ ហើយគ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ប្រើប្រាស់ថវិកាសរុបប្រមាណ ៦៥.១៤លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ៕