ក្រុមអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភ ត្រូវបានបង្កើតជាផ្លូវការហើយ

ក្រុមអ្នកសារព័ត៌មានកម្ពុជា ប្រមាណ២៥នាក់ ដែលមកពីចម្រុះស្ថាប័នទាំងកាសែត អនឡាញ ទូរទស្សន៍ វិទ្យុ ត្រូវបានបង្កើតឲ្យក្លាយជាក្រុមអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភ។ ការបង្កើតនេះ បន្ទាប់ពីអ្នកសារព័ត៌មានទាំងនោះ បានទទួលវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពីការរាយការណ៍ព័ត៌មានអំពីអាហារូបត្ថម្ភនិងការចិញ្ចឹមទារកនិងកុមារកាលពីពេលថ្មីៗនេះ។

បើតាមលិខិតដែលក្រុមអ្នកសារព័ត៌មានទទួលបានពីអង្គការ Helen Keller កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលដល់ក្រុមអ្នកសារព័ត៌មានរួចមក តំណាងស្ថាប័នសារព័ត៌មានចំនួន២០ តំណាងអង្គការដៃគូអភិវឌ្ឍន៍អាហារូបត្ថម្ភចំនួន៥ និងតំណាងស្ថាប័នរដ្ធចំនួន៦ បានឯកភាពគ្នាបង្កើតជាក្រុមអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភនេះឡើង។

លោក ហ៊ូ ក្រើន ក្រើន នាយករងអង្គការ Helen Keller ក៏ធ្លាប់បានលើកឡើងដែរថា បញ្ហាកង្វះអាហារូបត្ថម្ភ បានផ្តល់នូវផលវិបាកជាច្រើនចំពោះកុមារផ្ទាល់ គ្រួសារ និងសង្គមជាតិទាំងមូល។ ក្នុងនោះ កុមារកម្ពុជា៣២នាក់ក្នុង ចំណោម១០០នាក់មានបញ្ហាកង្វះអាហារូបត្ថម្ភ។ មិនតែប៉ុណ្ណោះ លោកថា ដោយសារបញ្ហានេះ ក៏បានធ្វើឲ្យកម្ពុជា ក្នុង១ឆ្នាំៗ ខាតបង់ថវិការហូតដល់ ២៥០លានដុល្លាឣាមេរិកផងដែរ។ហេតុនេះ ដើម្បីធានាបាននូវអាហារូបត្ថម្ភពេញលេញ អ្នកសារព័ត៌មាន គឺជាធនធានដ៏សំខាន់មិនអាចខ្វះបាន។

គួរបញ្ជាក់ថា តាមការសិក្សា បានបង្ហាញថា អត្រានៃការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់នៅកម្ពុជា មាននិន្នាការធ្លាក់ចុះគួរឱ្យព្រួយបារម្ភពីអត្រា៧៤% នៅឆ្នាំ ២០១០  ទៅ៦៥% នៅឆ្នាំ ២០១៤ ដោយក្នុងនោះមានការធ្លាក់ចុះយ៉ាងខ្លាំងនៅតំបន់ទីប្រជុំជនពីអត្រា៦៤% ទៅ ៣៤%។

លើសពីនេះ មានកុមារអាយុក្រោម ២ឆ្នាំ តែ ៣០%ប៉ុណ្ណោះដែលទទួលបានរបបអាហារអប្បបរមា ខណៈដែលស្ត្រីក្នុងវ័យបន្តពូជតិចជាង៥០% ទទួលបាននូវរបបអាហារចម្រុះមុខអប្បបរមា។ បន្ថែមពីលើការអនុវត្តន៍ការចិញ្ចឹមទារកនិងកុមារមិនបានពេញលេញ របបអាហារសម្រាប់ពួកគេផ្ទាល់ដែលជាកម្មការិនីក៏មានបញ្ហាគួរឱ្យព្រួយបារម្ភផងដែរ។ ទូទៅកម្មការិនីរោងចក្រនៅកម្ពុជាមានបញ្ហាស្លេកស្លាំង ទម្ងន់ទាបជាងស្តង់ដារ និងកង្វះជាតិដែក។

យ៉ាងណា បើទោះបីជា ប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានចាត់ទុកថា តួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារសំខាន់នៃអាហារូបត្ថម្ភនិងការចិញ្ចឹមទារកនិងកុមារក្តី ក៏កន្លងមកយើងសង្កេតឃើញថា ការផ្សព្វផ្សាយព័ត៌មានក្នុងវិស័យនេះ មិនសូវបានទទួលការចាប់អារម្មណ៍ពីសំណាក់អ្នកសារព័ត៌មានប៉ុន្មានទេ។

ហេតុនេះ ស្ថាប័នរដ្ឋាភិបាល ស្ថាប័នសារព័ត៌មាន និងអង្គការដៃគូរ បានឯកភាពគ្នា បង្កើតជាក្រុមអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភជាផ្លូវការនេះឡើង ក្នុងគោលបំណងដើម្បីលើកកម្ពស់ និងចូលរួមផ្សព្វផ្សាយពីអាហារូបត្ថម្ភនិងការចិញ្ចឹមទារកនិងកុមារឲ្យកាន់តែទូលំទូលាយនៅកម្ពុជា៕

អត្ថបទ ៖ សែម ពិសី