ផ្លូវជាតិលេខ៤៨ តម្លៃជាង៦៥លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែមិថុនា ឆ្នាំ២០២៤

គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨នេះ ដែលទើបប្រកាសបើការដ្ឋានសាងសង់ ដោយប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន កាលពីថ្ងៃទី៣​ខែមករា ឆ្នាំ២០២២ គ្រោងប្រើថវិកាសរុបប្រមាណ៦៥,១៤ លានដុល្លារអាមេរិក ខណៈគម្រោងនេះ ក៏គ្រោងប្រើរយៈពេលសាងសង់ចំនួន ៣២ខែ ដែលនឹងអាចបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៤។

គម្រោងនេះ ត្រូវបានសាងសង់ឡើងក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិនៃកិច្ចសហត្រូវប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋា ភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីនយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ និងប្រើរយៈពេលសាងសង់ចំនួន ៣២ខែ ដែលគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៤។

ផ្លូវនេះមានប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងនោះ៖ ផ្លូវមាន២គន្លងមានប្រវែង ១២២,៩ គីឡូម៉ែត្រនិងទទឹង១១ម៉ែត្រ ផ្លូវមាន៤គន្លងមានប្រវែង២៥,១គីឡូម៉ែត្រ និងទទឹងមានចាប់ពី១៨,៥ម៉ែត្រ ដល់២១,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៧សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែកកម្រាស់ ២៥សង់ទីម៉ែត្រ (ត្រង់ផ្លូវប្រសព្វ) សាងសង់ស្ពានថ្មីចំនួន០៤កន្លែងមានប្រវែងសរុប ១១៣ ម៉ែត្រ និងដាក់លូមូលបេតុង១៤០កន្លែង (ថ្មី១៥កន្លែង និងពង្រីក១២៥កន្លែង) និងលូប្រអប់១៥កន្លែង (ថ្មី៣កន្លែង និងពង្រីក១២កន្លែង) រួមទាំងការងារបំពាក់បរិក្ខារសុវត្ថិភាពផ្លូវថ្នល់ និងបរិក្ខារចរាចរណ៍ផងដែរ។

ផ្លូវនេះ មានចំណុចប្រសព្វចំនួន៥កន្លែង ដែលនឹងត្រូវធ្វើការកែសម្រួលរួមមាន៖ ចំណុចប្រសព្វចំការហ្លួង ចំណុចប្រសព្វស្រែអំបិល ចំណុចប្រសព្វផ្លូវបំបែកចូលទៅគិរីសាគរ ចំណុចប្រសព្វផ្លូវបំបែកចូលទៅទំនប់វារីអគ្គិសនី និងចំណុចប្រសព្វផ្លូវបំបែកចូលទៅព្រលានយន្តហោះខេត្តកោះកុង ចំណាយរយៈពេលសាង សង់ចំនួន៣២ខែ គ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ចំណាយថវិកាសរុបប្រមាណ៦៥,១៤ លានដុល្លារអាមេរិក។

ផ្លូវនេះ តភ្ជាប់ជាមួយផ្លូវជាតិលេខ១០ ដែលកំពុងដំណើរការសាងសង់ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជា ដែលភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួលដល់ការតភ្ជាប់ ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច ហើយក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េ១២៣ (ASEAN Highway ១២៣) និងជារបៀងមាត់សមុទ្រខាងត្បូងរបស់មហាអនុតំបន់មេគង្គ GMS (R១០)ផងដែរ។

បន្ថែមពីលើនេះ ផ្លូវនេះនឹងជួយជំរុញបន្ថែមសក្តានុពលតំបន់ទេសចរណ៍នៅក្នុងខេត្តកោះកុង ក៏ដូចជា តំបន់ទេសចរណ៍គិរីសាគរ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅភាគនិរតីកម្ពុជា និងជំរុញការ អភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ជាប់ព្រំប្រទល់ជាមួយប្រទេសជិតខាង និងរំពឹងថានឹងរួមចំណែកក្នុងការទាក់ទាញវិនិយោគិន និងជំរុញការនាំចេញនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះ រួមមាន៖ តំបន់សេដ្ឋកិច្ចពិសេសកោះកុង តំបន់សេដ្ឋកិច្ចពិសេស ស៊ួយ ឆេង តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង និងតំបន់សេដ្ឋកិច្ចពិសេសរតនា៕