អ្នកជំនាញសុខភាព៖ ប្រាប់ពីអាហារូបត្ថម្ភសំខាន់ៗដែលរាងកាយមនុស្សត្រូវការជាចាំបាច់

អ្នកជំនាញសុខភាព ផ្នែកអាហារូបត្ថម្ភនៅកម្ពុជា បានលើកឡើងថា អាហារូបត្ថម្ភគឺជាសារជាតិចិញ្ចឹម (nutrients) មានក្នុងអាហារដែលយើងបរិភោគរាល់ថ្ងៃ រួមទាំងភេសជ្ជៈផងដែរ ដើម្បីទ្រទ្រង់រាង្គកាយនិងសុខភាពរបស់មនុស្សយើង។ ទន្ទឹមគ្នានេះ បរិមាណសារជាតិចញ្ចឹមមានតិចឬច្រើនអាស្រ័យលើប្រភេអាហារនិមួយៗ។ នេះបើតាមការលើកឡើងពី លោក ហ៊ូ ក្រើន នាយករងអង្គការ ហេទ្បែន ខេលល័រ កាលពីពេលថ្មីៗនេះ។

លោក ហ៊ូ ក្រើន នាយករងអង្គការ ហេទ្បែន ខេលល័រ (Helen Keller International-Cambodia) បានឲ្យដឹងថា ដើម្បីបឺតស្រូបយកសារជាតិចិញ្ចឹមសំរាប់ប្រើប្រាស់បានដោយរាងកាយ អាហារឬភេសជ្ជះត្រូវឆ្លងកាត់បីតំណាក់កាលគឺ៖ ១. អាហារឬភេសជ្ជះត្រូវបានហូបចូល។ ២. រាងកាយបំបែកអហារឬភេសជ្ជះទៅជាសារជាតិចិញ្ចិម។ ៣. សារជាតិចិញ្ចឹមធ្វើតំណើរតាមចរន្តឈាមចូលទៅផ្នែកផ្សេងៗនៃរាងកាយដើម្បីប្រាស់តាមតំរូវការ។

ក្នុងនោះ អ្នកជំនាញសុខភាពរូបនេះ ក៏បានពន្យល់ថា សារជាតិចិញ្ចឹមក្នុងបរិបទអាហារូបត្ថម្ភ គឺត្រូវបានចែកជា២ប្រភេទគឺ៖ម៉ាក្រូសារជាតិ (macronutrient) និងមីក្រូសារជាតិ (micronutrient)។

ប្រភេទទី១៖ ម៉ាក្រូសារជាតិ (macronutrient)៖ ជាប្រភេទសារជាតិចិញ្ចឹមដែលរាងកាយយើងត្រូវការក្នុងបរិមាណច្រើនមានដូចជា៖ – កាបូហាយដ្រេត (ជាតិម្សៅ)៖ មានប្រភពពីបាយ ឬនំបុ័ងជាដើម។ មុខងាររបស់កាបូហាយដ្រេត គឺផ្តល់ថាមពល។ – ប្រូតេអ៊ីន (សាច់)៖ មានប្រភពពីសាច់មាន់ ត្រី ឬសាច់គោជាដើម។ ប្រូតេអ៊ីនជួយសាងសង់ជួសជុល និងថែរក្សារកោសិកា និងជាលិការបស់រាងកាយ ដូចជាសាច់ដុំ ស្បែក សរីរាង្គ ឈាម និងឆ្អឹង។ – លីពីត (ខ្លាញ់)៖ មានប្រភពពីខ្លាញ់មាន់ ទា ឬប្រេងសណ្តែក ប្រេងបន្លែជាដើម។ ខ្លាញ់ជួយឱ្យរាងកាយបឺតស្រូបប្រូតេអ៊ីននិងកាបូហាយដ្រេត កាន់តែមានប្រសិទ្ធិភាព។

ប្រភេទទី២៖ មីក្រូសារជាតិ (micronutrient)៖ ជាប្រភេទសារជាតិចិញ្ចឹមដែលរាងកាយយើងត្រូវការក្នុងបរិមាណតិចមានដូចជា ជាតិរ៉ែខនិជ និងវីតាមីន។ ជាតិរ៉ែខនិជចែកជាពីរគឺ មាក្រូរ៉ែ និងមីក្រូរ៉ែ។ ១. ម៉ាក្រូរ៉ែគឺជារ៉ែដែលរាងកាយយើងត្រូវការក្នុងបរិមាណច្រើនជាងមីក្រូរ៉ែ គឺច្រើនជាង២៥០មីលីក្រាមជារាងរាល់ថ្ងៃសម្រាប់មនុស្សម្នាក់។ ម៉ាក្រូរ៉ែមានដូចជា៖ កាល់ស្យូម ប៉ូតាស្យូម ផូស្វ័រ សូដ្យូម ស៊ុលផាត មាញេស្យូម និងក្លរ។ ២. មីក្រូរ៉ែគឺជារ៉ែដែលរាងកាយយើងត្រូវការក្នុងបរិមាណតិច គឺតិចជាង២០មីលីក្រាមជារាងរាល់ថ្ងៃសម្រាប់មនុស្សម្នាក់។ មីក្រូរ៉ែមានដូចជា៖  ជាតិដែក អ៊ីយ៉ូត ទង់ដែង សង្កសី សេលីញូម កុបព័រ ម៉ូលីដែន ម៉ង់កាណែស បារុន ក្រូម នីកែល ភ្លុយអរ។ ចំពោះវីតាមីនវិញមានពីរប្រភេទគឺ វីតាមីនរលាយក្នុងទឹកនិងវីតាមីនរលាយក្នុងក្នុងខ្លាញ់។ វីតាមីនរលាយក្នុងទឹកមានដូចជា៖ វីតាមីន B1, B2, B6, B12 អាស៊ីតហ្វូលិក អាស៊ីតប៉ង់តានិច វីតាមីន C។ វីតាមីនរលាយក្នុងខ្លាញ់មានដូចជា៖ វីតាមីន A, D, E, និង K។

យ៉ាងណា អ្នកជំនាញសុខភាព ផ្នែកអាហារូបត្ថម្ភរូបនេះ អះអាងទៀតថា ជាធម្មតាកុមារត្រូវការអាហារូបត្ថម្ភក្នុងបរិបទជាសារជាតិចិញ្ចឹមតិចជាងមនុស្សពេញវ័យ។ ឧទាហរណ៍ដូចជាតម្រូវការថាមពល គឺអាស្រ័យលើអាយុ ភេទ និងសកម្មភាពប្រចាំថ្ងៃ។ ឧទាហរណ៍កុមារភេទប្រុសអាយុក្រោម១ខែត្រូវការថាមពលចំនួន៥១៨កាឡូរី ចំណែកកុមារភេទស្រីអាយុដូចគ្នាត្រូវការថាមពលតែចំនួន៤៦៤កាឡូរី។ ក្មេងប្រុសអាយុពី១ដល់២ឆ្នាំត្រូវការថាមពលចំនួន៩៤៨កាឡូរី។ចំណែកក្មេងស្រីអាយុដូចគ្នាត្រូវការថាមពលតែចំនួន ៨៦៥កាឡូរី។

ដោយឡែក សម្រាប់មនុស្សប្រុសពេញវ័យអាយុពី ១៧ដល់១៧ឆ្នាំ គឺត្រូវការថាមពលចំនួន៣៤១០កាឡូរី ខណៈ មនុស្សស្រីពេញវ័យអាយុពី ១៧ដល់១៧ឆ្នាំ គឺត្រូវការថាមពលចំនួន២៥០៣កាឡូរី ៕

អត្ថបទ៖ សែម ពិសី