ក្រសួងសាធារណការ នឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ចុងខែមករា ឆ្នាំ២០២២នេះ

ក្រសួងសាធារណការ និង ដឹកជញ្ជូន កាលថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងពិនិត្យមើលវឌ្ឍនភាពការងារទាក់ទងនឹងកម្មវិធីដកពិន្ទុ និងបំពេញពិន្ទុឡើង វិញលើបណ្ណបើកបរ របាយការណ៍យុទ្ធសាស្ត្រយានយន្តអគ្គិសនី និងវឌ្ឍនភាពមណ្ឌលផ្តល់សេវាសាធារណៈ ពង្រាងបណ្ដាញផែនទីផ្លូវថ្នល់ និងការងារត្រៀមរៀបចំសន្និបាតក្រសួង ។

កិច្ចប្រជុំនេះផ្តោតលើរបៀបវារៈសំខាន់ៗរួមមាន៖ ការប្រកាសសុពលភាពមន្ត្រីរាជការទើបតែងតាំងថ្មី វឌ្ឍនភាពប្រព័ន្ធដកពិន្ទុ និងបំពេញពិន្ទុឡើងវិញលើបណ្ណបើកបរ របាយការណ៍យុទ្ធសាស្ត្រយានយន្តអគ្គិសនី និងវឌ្ឍនភាពមណ្ឌលផ្តល់សេវាសាធារណៈ ពង្រាងបណ្ដាញផែនទីផ្លូវថ្នល់ ការងារត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២របស់ក្រសួង។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានកោតសរសើរដល់ក្រុមការងារព័ត៌មាន វិទ្យារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារព័ត៌មានវិទ្យាក្រសួងមហាផ្ទៃ ដែលបានខិត ខំប្រឹងប្រែងសហការល្អក្នុងការតភ្ជាប់ប្រព័ន្ធរវាងក្រសួងទាំងពីរដោយជោគជ័យ។

ចំពោះយុទ្ធសាស្ត្រយានយន្តអគ្គិសនី លោក ក៏បានមានប្រសាសន៍ថា៖ ក្រសួងបានស្នើទៅ UNDP(កម្មវិធីអភិវឌ្ឍន៍របស់សហប្រជាជាតិ) ឱ្យជួយបង្កើតស្ថានីយសាកថ្មចំនួនប្រាំទីតាំង ដែលក្នុង នោះទីតាំងទី១ឋិតនៅទីស្តីការក្រសួង និងទីតាំងបួនកន្លងទៀតឋិតនៅតាមបណ្ដារាជធានី-ខេត្តនានា ដើម្បីចាប់ផ្ដើមជំរុញការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី និងបានស្វែងរកថវិកាទិញរថយន្តដើរដោយថាមពលអគ្គិសនីចំនួនពីរគ្រឿង ដើម្បីជាការនាំមុខ និងជាការបង្ហាញថាក្រសួងកំពុងប្រើប្រាស់យានយន្ត ដែលដើរដោយថាមពលអគ្គិសនី។

ទាក់ទងនឹងការងារត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅ ការងារឆ្នាំ២០២២របស់ក្រសួង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២២ខាងមុខនេះ លោក រដ្ឋមន្ត្រី ក៏ដូចជាអង្គប្រជុំទាំងមូលបានសម្រេចឯកភាពជ្រើសរើសយកប្រធានបទក្រោម ចំណងជើងថា៖ “ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលធន់នឹងការប្រែប្រួលអាកាស ធាតុ ការគ្រប់គ្រងការងារសាងសង់ និងថែទាំផ្លូវឱ្យមានគុណភាព ផ្ដោតលើបច្ចេកវិទ្យាទំនើប”៕