រដ្ឋមន្រ្តីការបទេសម៉ាឡេស៊ី គ្រោងធ្វើទស្សនកិច្ចឈ្វេងយល់ពីការអភិរក្សនិងអភិវឌ្ឍន៍ ក្នុងរមណីយដ្ឋានអង្គរ

ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ឯកអគ្គរាជទូតម៉ាឡេស៊ី រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី នឹងមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅអំឡុងខែមករានេះ។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសមរវាង ELDEEN HUSAINI MOHD HASHIM ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយ លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា កាលថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។

នាឪកាសនោះលោក ELDEEN HUSAINI MOHD HASHIM ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានជម្រាបពីគោលបំណងទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីមកកាន់ខេត្តសៀមរាបនាពេលខាងមុខ។ លោកបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី នឹងមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅអំឡុងខែមករានេះ ហើយឆ្លៀតឱកាសបំពេញការងារនេះ លោករដ្ឋមន្រ្តីក៏មានបំណង ដើម្បីចង់ឈ្វេងយល់ការងារអភិរក្សប្រាសាទ និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរផងដែរ។ ឯកឧត្តមបន្ថែមថា ការគ្រប់គ្រងរមណីយដ្ឋានអង្គរដោយអាជ្ញាធរជាតិអប្សរាទទួលបានការកោតសរសើរ និងល្បីល្បាញជាខ្លាំង ដែលធ្វើឱ្យប្រទេសដទៃទៀត មានម៉ាឡេស៊ីផង ចង់ឈ្វេងយល់ និងរៀនសូត្រ។

បើតាមការបញ្ជាក់ពីលោក ELDEEN HUSAINI MOHD HASHIM រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី គ្រោងចុះឈ្វែងយល់ពីការងារមួយចំនួន នៅតាមការដ្ឋានការងារខ្លះក្នុងរមណីយដ្ឋានអង្គរអំឡុងពេលមកបំពេញការងារផ្លូវការនៅខេត្តសៀមរាប នាពេលឆាប់ៗនេះផងដែរ។

ជាកិច្ចឆ្លើយតប ឯកឧត្តម ឡុង កុសល បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគម្រោងដំណើរទស្សនកិច្ចនេះ និងបញ្ជាក់ថា អាជ្ញាធរជាតិអប្សរារង់ចាំស្វាគមន៍ ក៏ដូចជាចែករំលែកនូវបទពិសោធន៍ទៅភាគីម៉ាឡេស៊ីគ្រប់ពេលវេលា៕